(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានបញ្ជាក់ឲ្យដឹងថា គណបក្សអំណាចខ្មែរ នឹងដាក់ពង្រាយសកម្មជនរបស់ខ្លួន ១៥ រាជធានី-ខេត្ត-ក្រុង ដើម្បីឃ្លាំមើលជនបរទេសដែលទៅចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ជំហរយ៉ាងដាច់អហង្ការថា គណបក្សអំណាចខ្មែរ ប្រឆាំងដាច់ខាត មិនឲ្យមានជនបរទេសចុះឈ្មោះបោះឆ្នោតឡើយ ជាពិសេសគឺជនជាតិវៀតណាម។ លោកថាកន្លងមកមានភាពមិនប្រក្រតីបានកើត ឡើងច្រើន ជុំវិញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យទៅជនជាតិវៀតណាម។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ជុំវិញប្រតិកម្មនឹងការរៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីរបស់គ.ជ.ប នៅព្រឹកថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សស្ថិតនៅ សង្កាត់ល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បន្ថែមពីលើនេះ លោក សួន សេរីរដ្ឋា ក៏បានស្នើឲ្យ កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ច ការពារនៅថ្ងៃចុះឈ្មោះបោះឆ្នោត ត្រូវតែរួមសហការគ្នាជាមួយគណបក្សអំណាចខ្មែរ នៅអំឡុង ថ្ងៃចុះឈ្មោះបោះឆ្នោត ជូន ប្រជាពលរដ្ឋឲ្យបានល្អបំផុត។ លោកបានបន្តថា កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ច និងក្រុមការងារគណបក្សអំណាចខ្មែរ សុទ្ធតែជាខ្មែរ ដូចគ្នា ដូចនេះ ត្រូវរួមគ្នា ការពារកុំឲ្យ ជនបរទេស ចុះឈ្មោះបោះឆ្នោត រំលោភសិទ្ធខ្មែរ។
លោក សួន សេរីរដ្ឋា បានឲ្យដឹងថា «កងកម្លាំងប្រដាប់អាវុធមានតួនាទីទៅការពារ មិនមែនទៅបង្រ្កាប យើងយល់ច្បាស់ណាស់ពីតួនាទីទៅការពារ និងភារកិច្ចទៅបង្រ្កាប។ មន្រ្តីសកម្មជនគណបក្សអំណាចខ្មែរអត់មានខ្លាចទេ ពីព្រោះយើងមានតែការសហការ ពីព្រោះពួកគាត់ទៅការពារ ចឹងពួកគាត់ទៅការពារសកម្មជននិងមន្រ្តីបក្សយើងក៏ ទៅការពារដូចគ្នាដែរ។ ទី១ គ្រាន់តែកងម្លាំងប្រដាប់អាវុធការពារកុំឲ្យមានរឿងកើតឡើងដោយហិង្សា ឫក៍ចលាចលកន្លែងហ្នឹង។ទី២ យើងទៅការពារកុំឲ្យជនបរទេសមកចុះឈ្មោះបោះឆ្នោតរំលោភសិទ្ធខ្មែរ ចឹងគួរសហការគ្នាមិនមែនជា សត្រូវហ្នឹងគ្នាទេ»។
ក្រៅពីការលើកឡើងខាងលើនេះ ប្រធានគណបក្សអំណាចខ្មែររូបនេះ បានរិះគន់ចំៗទៅលើមន្រ្តីគ.ជ.ប ដែលបានបញ្ជាក់ថា ជនបរទេសណាក៏ដោយ ឲ្យតែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺអាចចុះឈ្មោះ បោះឆ្នោត បាន ថាមន្រ្តីនោះជា «ជនក្បត់ជាតិ» និងមិនចេះធ្វើការងារ ថែមទៀតផង។
យ៉ាងណាក៏ដោយ កន្លងមក មន្រ្តី គ.ជ.ប បានអះអាងយ៉ាងច្បាស់ថា បុគ្គលណាក៏ដោយ ឲ្យតែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺអាចចុះឈ្មោះបោះឆ្នោតបាន។ ប៉ុន្តែមន្រ្តីគ.ជ.ប ធ្លាប់បានបញ្ជាក់ហើយថា បើបុគ្គល ឬគណបក្សនយោបាយ ឫសង្គមស៊ីវិលណា ពិនិត្យឃើញថា មានភាពមិនប្រក្រតីណាមួយកើតឡើង គឺអាចដាក់ពាក្យបណ្តឹងបាន ជាការជំទាស់តវ៉ា៕