(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន១៣ចំណុច ឱ្យក្រសួងការងារអនុវត្តឱ្យកាន់តែប្រសើរថែមទៀត ខណៈអនុសាសន៍ណែនាំនានា របស់សម្តេចធិបតីនាពេលកន្លងមក ក្រសួងការងារអនុវត្តបានដោយជោគជ័យ។

សម្រាប់អនុសាសន៍ណែនាំចំណុចទី១០ របស់សម្តេចធិបតី ឱ្យក្រសួងការងារ ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទូទាំងប្រទេស សម្តៅជំរុញ និងលើកកម្ពស់ការយល់ដឹងជូនដល់បងប្អូនកម្មករនិយោជិត, អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន អំពីវិធានការអប់រំ, បង្ការ និងទប់ស្កាត់អគ្គិភ័យ នៅតាមបណ្តាសហគ្រាស និងគ្រឹះស្ថានធុរកិច្ច ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។

ជុំវិញអនុសាសន៍ណែនាំនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា លោកពិតជាកោតសរសើរ និងគាំទ្រទាំងស្រុងចំពោះអនុសាសន៍ណែនាំរបស់សម្តេចធិបតី ព្រោះបញ្ហាគ្រោះអគ្គិភ័យនេះ អាចកើតឡើងជាយថាហេតុដែលទាមទារឱ្យមានវិធានការ ការអប់រំ និងបង្ការឱ្យបានច្បាស់លាស់។

លោកបណ្ឌិត គិន ភា បានបន្តថា ដើម្បីអនុវត្តឱ្យបានជោគជ័យទៅតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ក្រសួងការងារ ចាំបាច់ត្រូវមានការរៀបចំវិធានការច្បាស់លាស់ទាក់ទងនឹងការផ្សព្វផ្សាយអប់រំ ដើម្បីឱ្យមានការយល់ដឹងពីមូលហេតុដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យ។ ជាមួយគ្នានេះ ក៏ត្រូវមានការអប់រំផ្សព្វផ្សាយ ដល់កម្មកនិយោជិតបានយល់ដឹងពីការសង្គ្រោះបឋមនានា នៅពេលមានអគ្គិភ័យកើតឡើងជាដើម។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមទៀតថា ក្រសួងការងារ ក៏ត្រូវមានកិច្ចសហការជាមួយម្ចាស់រោងចក្រសហគ្រាសនៅក្របខណ្ឌទូទាំងប្រទេស ដើម្បីឱ្យមានការរៀបចំច្រកចេញសុវត្ថិភាព បំពង់ពន្លត់អគ្គិភ័យ រួមនឹងការហាត់សម ពីការជម្លៀសខ្លួនចេញពីអគ្គិភ័យជាដើម។

ទន្ទឹមនឹងនេះ ក្រសួងការងារ ក៏ត្រូវមានកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតដូចជាក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាននានា ដើម្បីជំរុញការពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលា ដើម្បីបញ្ជៀសការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កម្មករនិយោជិត និងម្ចាស់រោងចក្រសហគ្រាសនានា៕