Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងថ្ងៃចម្រើនជន្មាយុគ្រប់៦៤ឆ្នាំ ឈានចូល៦៥ឆ្នាំ

18-02-2024 16:42

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរជូនពរចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃថ្ងៃចម្រើនជន្មាយុគម្រប់៦៤ឆ្នាំ ឈានចូល៦៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត បានយ៉ាងដូច្នេះថា៖ «ឯកឧត្តម ជាទីរាប់អាន! ស្ថិតក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ ឯកឧត្តម គម្រប់ ៦៤ឆ្នាំ ឈានចូល ៦៥ឆ្នាំ ខ្ញុំ និងភរិយា សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូន ឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង និងមានអាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ដែលជានិច្ចកាលតែងតែបានខិតខំបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លា ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការជំរុញអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលជាកត្តារួមចំណែកដ៏មានសារៈសំខាន់សំដៅធានាថែរក្សាស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ។

ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរី សួស្តីជ័យមង្គលគ្រប់ប្រការដល់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម ទទួលនូវការស្រឡាញ់រាប់អានពីខ្ញុំ និងភរិយា»៕