(កណ្ដាល)៖ សមណនិស្សិត និងនិស្សិតឆ្នាំទី១ ជំនាន់ទី២ ចំនួន ៧៨៣អង្គ-នាក់ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានចូលប្រឡងគល់បញ្ជីក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ ដើម្បីត្រៀមចូលរៀនឆ្នាំទី១។

ការប្រឡងនេះធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមព្រះវត្តមានសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងលោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាុ។

បើតាមសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា មានថេរដីកាថា ការប្រឡង គឺដើម្បីស្ទង់សមត្ថភាពសិស្សមុនចូលសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីធានាបានថា ពួកគាត់អាចមានសមត្ថភាពពិតប្រាកដចូលរៀនឆ្នាំទី១នៅសាកលវិទ្យាល័យនេះបាន ប្រកបដោយគុណភាព និងពេញដោយសមត្ថភាព ព្រោះសាកលវិទ្យាល័យផ្ដោតសំខាន់ទៅលើគុណភាពជាចម្បង ធានាបានថា សមណនិស្សិត និងនិសិតដែររៀននៅទីនេះ គឺជាធនធានមនុស្សរបស់កម្ពុជាពេញដោយសមត្ថភាពពិតប្រាកដ ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យកាន់តែរីចម្រើនឡើងៗ។ រាប់ទាំងសមណនិស្សិត និងនិស្សិតសរុបដែលកំពុង និងត្រៀមចូលសិក្សមានចំនួន១,២១១អង្គនាក់។

សូមជម្រាបថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បង្កើតឡើងក្នុងបុព្វហេតុវិស័យអប់រំជាឧត្តមប្រយោជន៍ដល់កូនខ្មែរគ្រប់ជំនាន់តទៅ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូប បានបន្តការសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រដោយមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្តល់ជូននិស្សិតនូវអាហារូបករណ៍សិក្សា១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ដែលជាឆ្នាំបញ្ចប់ការសិក្សា។

ក្នុងបេសកកម្មនៃការរបណ្តុះបណ្តាលនិស្សិតដោយមិនស្វែងរកប្រាក់ចំណេញនេះ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានធានានូវគុណភាពនៃការអប់រំ ក្នុងក្របខ័ណ្ឌនៃកិច្ចការដ៏ឧត្ដុង្គឧត្តមនេះ បញ្ញវន្តខ្មែរដែលជាសាស្ត្រាចារ្យ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានសច្ចាធានាឱ្យបាននូវគុណវុឌ្ឍវិទ្យាសាស្ត្រ និងគរុសភា ដែលជាកត្តាសារវន្តនៃការអប់រំ ការបណ្តុះបណ្តាល ការសិក្សា និងការស្រាវជ្រាវ ក្នុងថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីឱ្យនិស្សិតដែលបានសិក្សាចប់មានក្រមសីលធម៌ល្អ មានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ពេញលេញ ហើយអាចទទួលបានជោគជ័យក្នុងពិភពការងារ ។

បន្ថែមលើសនេះ សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី ក៏មានការសហការជាមួយសាកលវិទ្យាល័យបរទេសជាច្រើនផងដែរ សំដីដល់ការបញ្ជូននិស្សិតទៅសិក្សាឆ្នាំទី៣នៅសាកលវិទ្យាល័យបរទេសណានោះឱ្យតែប្រឡងជាប់ ពិសេសគឺភាសាអង់គ្លេសជាចម្បង។

សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន០៦ រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម មហាវិទ្យាល័យសិក្សាអភិវឌ្ឍ និងទេសចរណ៍ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប ៣២ជំនាញ៕