(ភ្នំពេញ)៖ លោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយស្តីពី និយាមវិជ្ជាជីវៈឱសថការី ដល់សមាជិក សមាជិកា គណៈឱសថការីរាជធានីភ្នំពេញ ចំនួនជិត១ពាន់នាក់បានចូលរួម។

ថ្លែងក្នុងឱកាសនោះ លោកឱសថការី បាន បុត្តា បានលើកឡើងថា គោលបំណងកម្មវិធីនៅថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយឱ្យឱសថការីនៅរាជធានីភ្នំពេញ យល់ដឹងពីលិខិតបទដ្ឋានគិតយុត្ត ក្នុងនាមឱសថការីគួរអនុវត្តយ៉ាងដូចម្តេចខ្លះ ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ។

លើសពីនេះ លោក បាន បុត្តា បានជំរុញដល់ឱសថការីត្រូវគោរពតាមនិយាមវិជ្ជាជីវៈឱសថការី ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យប្រឈមការដកអាជ្ញាបណ្ណ។

ឱសថការី បានអះអាងថា ពេលបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយ និយាមវិជ្ជាជីវៈឱសថការី គឺទទួលបានចំណេះដឹងច្រើនពីលិខិបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាឱសថសាស្រ្ត។ លើសពីនេះ ពួកគេប្តេជ្ញាថា នឹងចូលរួមអនុវត្តនិយាមវិជ្ជាជីវៈឱសថការី ឲ្យបានត្រឹមត្រូវ។

សូមជម្រាបថា និយាមវិជ្ជាជីវៈឱសថការី បង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤រួមមាន៖

*ទី១៖ ដើម្បីបង្ហាញអំពីសេវាឱសថសាស្រ្ត ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈជូនដល់សាធារណៈជន

*ទី២៖ សម្រាប់ប្រើជាឧបករណ៍តាមដាន និងវាយតម្លៃលើការអនុវត្តការប្រកបដោយវីជ្ជាជីវៈឱសថសាស្រ្តរបស់ឱសថការីដែលប្រកបវិជ្ជាជីវៈឱសថសាស្រ្តនៅកម្ពុជា

*ទី៣៖ គឺដើម្បីផ្តល់ជាធាតុចូលក្នុងការរៀបចំកែសម្រួលកម្មវិធីបណ្តុះបណ្តាលមុនពេលចូលបម្រើការងារ ក៍ដូចជា ផ្តល់ការណែនាំដល់ឱសថការីដែលប្រកបវិជ្ជាជីវៈឱសថសាស្រ្ត និងនិស្សិតឱសថសាស្រ្ត

*ទី៤៖ សម្រាប់ប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈបន្ត និងបង្កើនគុណភាពនៃការផ្តល់សេវាឱសថសាស្រ្ត។និយាមវិជ្ជាជីវៈឱសថការី ត្រូវបានក្រសួងសុខាភិបាលដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០២៣មក៕