(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា នៅក្នុងបរិបទប្រវត្ដិសាស្រ្ដសង្គមប្រជាធិតេយ្យចាស់ទុំលើពិភពលោក បើពោលអំពី ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយមានគណបក្សនយោបាយចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានធ្វើការប្រកួតប្រជែងដោយសេរី យុត្ដិធម៌ និងតម្លាភាព ស្ថិតក្នុងបរិយាកាសសុខដុមរមនា និងគ្មានអំពើហិង្សា ដូចសាធារណ:មតិជាតិ និងអន្ដរជាតិឃើញនេះ គឺជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យចាស់ទុំ ។
ពីព្រោះថា សមាជិកព្រឹទ្ធសភា ដែលប្រសូត្រពីអង្គបោះឆ្នោតអសកល តំណាងឲ្យភូមិភាគនីមួយៗ នៃប្រទេសកម្ពុជា គឺជាតំណាងប្រជាជាតិខ្មែរទាំងមូល មិនខុសពីសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក , កាណាដា, អូស្រ្ដាលី, អ៊ីតាលីសហគមន៍អឺរ៉ុប ឬបណ្ដាប្រទេសប្រជាធិបតេយ្យជឿនលឿនានាលើពិភពលោក នោះទេ ។
លោក រ័ត្ន សណ្តាប់ បន្ដថា ហេតុនេះព្រឹទ្ធសភាកម្ពុជា មានតួនាទីសំខាន់ណាស់ ក្នុងការតម្រែតម្រង់សម្របសម្រួលរវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលរដ្ឋសភា បានអនុម័ត គឺមានតម្លៃធំធេង ក្នុងសង្គមប្រជាធិបតេយ្យ ពិសេសសង្គមដែលធ្លាប់មានការបែកបាក់ និងទើបងើបផុតពីសង្រ្គាម ដូចជាករណីប្រទេសកម្ពុជា ជាដើម។ ជាក់ស្តែងយើងឃើញថា ក្នុងរយៈពេល២៥ ឆ្នាំមកនេះ ក្នុងការបំពេញមុខងាររបស់ព្រឹទ្ធសភា គឺជាទីពេញនិយម ប្រកបដោយសុជីវធម៌ ទន់ភ្លន់ និងភាពថ្លៃថ្នូររបស់ជាតិ ព្រោះរាល់ការអនុម័តច្បាប់ បានផ្សារភ្ជាប់និងប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ដ៏រស់រវើកតាំងពីបុរាណកាលមក ។
ដូចនេះមុខងារព្រឹទ្ធសភា បានដើរតួនាទីជាកណ្ដាលក្នុងប្រព័ន្ធសភា រវាងសភា និងរាជរដ្ឋាភិបាល បន្ទាប់ពីសភាអនុម័តសេចក្តីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ ត្រូវឆ្លងកាត់ការបោះឆ្នោតព្រឹទ្ធសភា មុននឹងក្លាយជាច្បាប់ ដើម្បីអនុវត្ត។ បានសេចក្ដីថា រាល់ការអនុម័ត ឬវេតូរបស់ព្រឹទ្ធសភា បង្ហាញអំពីភាពចាស់ទុំអ្នកនយោបាយជាតិ។ យើងអាចហៅថា ក្នុងទម្រង់ជា «ដំបូន្មាន» ពីព្រឹទ្ធសភា ជាចាស់ទុំនយោបាយរបស់ជាតិ ដើម្បីឲ្យគោរពនិងអនុវត្តច្បាប់ ។ បើពោលឲ្យចំ ក្នុងការអនុម័តច្បាប់ ឬ វេតូដែលអនុម័ត ជាតំណាងឲ្យគំនិតចាស់ទុំរបស់អ្នកនយោបាយ ដោយធ្វើទំនើបកម្មដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ ក្នុងសង្គមនិងពិភពលោក ។
ជាសរុប លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា បើពោលអំពីសាវតារររបស់ព្រឹទ្ធសភាវិញ គឺជាស្ថាប័ននយោបាយមួយ នៃចក្រភពរ៉ូម៉ាំងបុរាណ មានប្រវត្ដិតាំងពីឆ្នាំ៧៥៣មុនគ.ស. មកម៉្លេះ។ ពាក្យ «ព្រឹទ្ធសភា» មកពីពាក្យឡាតាំង senex មានន័យថា «បុរសចំណាស់» ។ បានសេចក្ដីថា «ការជួបជុំរបស់មនុស្សចាស់» គឺជាស្ថាប័នចាស់ទុំនយោបាយដ៏ខ្ពស់បំផុត ហៅថា «ហ្សែន ឬ ត្រកូល» ជាក្រុមអភិជន ក្នុងការបន្ដវង្សត្រកូលពីបុព្វបុរសខ្លួន ពីឪពុកមកកូន ដើម្បីជ្រើសរើសសម្រាប់ក្រុមប្រឹក្សាសហព័ន្ធនៃចក្រភពរ៉ូមបុរាណ។
ដូចនេះចំពោះព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលរបស់បណ្ដាប្រទេសប្រជាធិបតេយ្យជឿនលឿននានា លើពិភពលោក គឺជាប្រពៃណីអ្នកចាស់ទុំនយោបាយ ដើម្បីសេចក្ដីថ្លៃថ្នូររបស់ជាតិ ដែលមានតាំងពីបឋមកាលរៀងមក ។ ដូច្នេះការបោះឆ្នោតព្រឹទ្ធសភានៅកម្ពុជា ជាក្បួនច្បាប់ប្រជាធិបតេយ្យចាស់ទុំ លើពិភពលោក ៕