(តូក្យូ)៖ ព្យុះទីហ្វុងកំណាច Lionrock បានវាយប្រហារភាគខាងជើងឈៀងខាងកើតប្រទេស ជប៉ុន នៅល្ងាចថ្ងៃអង្គារ និងបានបណ្តាលឲ្យកើតមានការបាក់ដី ហើយអាជ្ញាធរបានធ្វើការ ជម្លៀសប្រជាជន ៤១០,០០០នាក់ ចេញពីតំបន់ Tohoku ទៅរកទីកន្លែងណាដែលមានសុវត្ថិភាព ខណៈមកដល់ព្រឹកថ្ងៃពុធ នេះ អាជ្ញាធរបានរកឃើញសាកសពមនុស្ស ១០នាក់ នៅក្បែរមន្ទីរពេទ្យខេត្ត Iwate និង ៣នាក់ទៀតកំពុង បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី៣១ ខែសីហា។
Lionrock គឺជាព្យុះទី១០ហើយ ដែលបានវាយប្រហារមកលើប្រទេសជប៉ុន នៅក្នុងរដូវព្យុះ ភ្លៀងដែលបានចូលមកដល់នៅក្នុងឆ្នាំ ២០១៦ នេះ ហើយវាបានបោកសង្គ្រប់ខ្លាំង នៅវេលាម៉ោង ៧៖០០នាទីយប់ម៉ោងនៅទីក្រុងតូក្យូ ក្នុងល្បឿនប្រមាណជាង ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ថែមពីនេះទៀត ជើងហោះហើរប្រមាណ ១០០ជើងត្រូវបានលុបចោលនៅព្រលានយន្តហោះ Tohoku ខណៈផ្ទះរបស់ប្រជាជន ៣៥,០០០ខ្នង បានដាច់ចរន្តអគ្គិសនី។
គួរបញ្ជាក់ថា នេះជាព្យុះកំណាចលើកដំបូងហើយ គិតចាប់ពីឆ្នាំ ១៩៥១ ដែលបានមកបញ្ចប់ ឥទ្ធិពលរបស់វាលើដែនដីជប៉ុន ហើយលើកនេះវាបានបង្កជាភ្លៀងធ្លាក់ ២៥០ មីលីម៉ែត្រ ដែលនឹងអូសបន្លាយរហូតដល់ល្ងាចថ្ងៃពុធនេះផងដែរ។ ដោយឡែកនៅតំបន់ក្បែរនោះដូចជាកោះ ហុកកៃដូ ក៏នឹងទទួលរងនូវប្រព័ន្ធសម្ពាធទាប ដែលមានភ្លៀងធ្លាក់ខ្លាំងកម្រិតបង្គួរ ១០០មីលីម៉ែត្រផងដែរ៕