(សៀមរាប)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារព្រំដែនរួមទទួលទិសភូមិភាគទី៣ ភូមិភាគទី៤ និងភូមិភាគទី៥ និងលោកស្រី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីសម្ពោធពុទ្ធាភិសេកឆ្លងកុដិ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅវត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកមើល ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីនេះមានការនិមន្តរបស់ព្រះធម្មសិរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ មេគណខេត្ត និងនិមន្តចូលរួមពីព្រះអនុគណក្រុង ចៅអធិការវត្ត ថ្នាក់ដឹកនាំមន្ទីរ ស្នងការនគរបាលខេត្ត អាជ្ញាធរមូលដ្ឋាន សប្បុរសជន អាចារ្យ គណៈកម្មការវត្ត សីលវ័ន្ត សីលវន្តី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែ។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត មានសង្ឃដីកាពីការចំណាយសាងសង់កុដិ ព្រមទាំងបញ្ជាក់ពីជីវប្រវត្តិនៃការកកើតវត្តនេះឡើងក្នុងសម័យកាលកសាង បើគិតពីអាយុកាលប្រមាណជាង ១ពាន់ឆ្នាំហើយ ដោយឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងរបត់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា រាប់ទាំងដំណាក់កាលនៃសង្គ្រាមរាំងជល និងការបំផ្លិចបំផ្លាញក្នុងរបបប៉ុលពត ហើយរហូតមកដល់សព្វថ្ងៃ មានការអភិវឌ្ឍរីកចម្រើនប្រែមុខប្រែមាត់ ក្លាយជាទីអារាមគួរទីមនោរម្យ សម្រាប់ការបដិបត្តិធម៌របស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី និងបានកំពុងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនា និងស្វែងយល់ពីវិស័យសាសនាផងដែរ។

ព្រះធម្មសិរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ មេគណខេត្ត មានសង្ឃដីកាថា សាសនា គឺជាអ្នកជួយសាងឧបនិស្ស័យចិត្តគំនិតរបស់មនុស្ស និងកសាងវត្ថុ និងនិមិត្តសញ្ញានានា ព្រមទាំងផ្តល់ចម្លើយដល់ជីវិត និងគោលការណ៍នៃដំណើរជីវិត។ សាសនា មានតួនាទីសំខាន់ក្នុងការការពារ និងកំណត់សីលធម៌សង្គម។ សាសនា បានជួយបណ្តុះគ្រឹះនៃសេចក្តីចម្រើនដល់សង្គម ដូចជា ការផ្តល់នូវការសិក្សាអប់រំវិជ្ជាជីវៈខាងសុជីវធម៌ សីលធម៌ សុខាភិបាល និងការគ្រប់គ្រងជាដើម។ ម៉្យាងទៀត គ្រប់សាសនាកើតឡើងក្នុងគោលបំណង គឺសេចក្តីសុខ សន្តិភាព កំចាត់ទុក្ខភ័យឱ្យប្រជាពលរដ្ឋទើបធ្វើឲ្យសង្គមអាចរួមរស់ជាមួយគ្នាបានដោយភាពសុខសាន្ត ភាពសុខដុមរមនា និងជួយអភិវឌ្ឍសង្គម។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានលើកឡើងថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងបន្តស្មារតីបង្រួបបង្រួមជាតិ របស់ថ្នាក់ដឹកនាំជាឥស្សរជនកំពូលៗ ដើមី្បធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ និងបានធានាក្រោមស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជា បន្តស្នាដៃពីឥស្សរជនជំនាន់មុន និង ប្រែក្លាយប្រទេសជាតិ ពីការយកជីវិតជាដើមទុន មកជានីតិរដ្ឋ គោរពសិទ្ធមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានបន្តថា ការកសាងកុដិជានាយឧត្តមសេនាសនទានប្រគេនព្រះសង្ឃ តម្កល់ទុកប្រើប្រាស់ជាសម្បត្តិគរុភ័ណ្ឌ ប្រកបដោយ រចនាបទ វប្បធម៌ ទំនៀមទម្លាប់ព្រះពុទ្ធសាសនាខ្មែរ។

នាយឧត្តមសេនីយ៍ ក៏បានលើកពីភាពវិនាសកម្មក្នុងរបបបនប្រល័យពូជសាសន៍ ប៉ុល ពត បានយកទីវត្តអារាមធ្វើជាមន្ទីរឃុំឃាំង ជង្រុកស្រូវ ក្រោលចិញ្ចឹមសត្វ ឃ្លាំងដាក់ជីធម្មជាតិ ព្រមទាំងបង្ខំព្រះសង្ឃឱ្យលាចាកសិក្ខាបទ ធ្វើជាទាសករដាច់ថ្លៃ និងធ្វើគត់ផងដែរ។ ក្រោយថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ វិស័យសាសនា បានរស់រានឡើងវិញ នៅក្នុងដំណាក់កាលប្រទេសមានសុខសន្តិភាព ស្ថេរភាពពេញលេញ ហើយបានកំពុងកសាង និងអភិវឌ្ឍលើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានបន្ថែមថា គោលនយោបាយឈ្នះឈ្នះ របស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាស្ថាបនិកសន្តិភាពរបស់កម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពសង្គម ឯកភាពជាតិពេញលេញក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ ពិតជាគុណតម្លៃជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងមូល ត្រូវបានរួបរួមសាមគ្គីជាកម្លាំង ថែរក្សាការពារជាតិឱ្យបានគង់វង់ជាអតមៈ។

នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់ព្រះសង្ឃ គណៈកម្មការវត្ត ប្រជាពុទ្ធបរិស័ទ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចូលរួមក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងមូលដ្ឋានខ្លួន និងត្រូវគោរពច្បាប់ចរាចរណ៍ក្នុងពេលបើកបរ ព្រមទាំងរួមគ្នាថែរក្សានូវសមទ្ធិផលថ្មីក្នុងវត្តស្វាយរមៀត ឱ្យបានគង់វង្សផង​ដែរ។

នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បាននាំយកនូវបច្ច័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំនួន ១០លានរៀល និងអង្ករ ២តោន ប្រគេនដល់វត្តស្វាយរមៀម ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលនៅសាលាពុទ្ធិកៈ និងប្រគេនបច្ច័យដល់ចៅអធិការវត្តទាំង១៣ ក្នុង១វត្ត ទទួលបាន២លានរៀល និងកងកម្លាំងនគរបាលការពារ, នគរបាលចរាចរណ៍, នគរបាលបេតិកភណ្ឌ, វរសេនាតូចលេខ៤១១, ប៉ុស្តិ៍នគរបាលរដ្ឋបាល, កងអាវុធហត្ថ និងប្រជាការពារដោយមួយអង្គភាពទទួលបាន ២លានរៀល និងលោកគ្រូ អ្នកគ្រូ ៥លានរៀល, សិស្ស៥០នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច១ដើម ប្រាក់ ១ម៉ឺនរៀល និងប្រជាពុទ្ធបរិស័ទចូលរួម ម្នាក់ៗ ទទួលបានសារុង១ និងថវិកា ២ម៉ឺនរៀលផងដែរ៕