(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តឈ្មោះ យ៉ោក យៀង ឋានន្តរសក្ដិព្រិន្ទបាលឯក អាយុ៥៩ឆ្នាំ អតីតនៅអង្គភាពវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាលោក យ៉ោក យៀង បានទទួលមរណភាពដោយរោគាពាធនៅពេលកន្លងទៅថ្មីៗនេះ នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោកព្រិន្ទបាលឯក យ៉ោក យៀង ជាអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក យ៉ោក យៀង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ឧត្តមសេនីយ៍ទោ បានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាព ក្រុមគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល ហើយសម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ បានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគមួយចំនួនទៀត សម្រាប់សម្រួលដល់ការធ្វើបុណ្យសពឱ្យបានសមរម្យ និងឱ្យទាន់ពេលវេលា។
ក្រុមគ្រួសារសពអតីតយុទ្ធជន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងារសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ ដែលបានគិតគូរដោះស្រាយការលំបាកជូនគាត់ និងសូមគោរពជូនពរសម្តេច និងលោក លោកស្រីទាំងអស់សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕