(ភ្នំពេញ)៖ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០១៩ បានធ្វើឱ្យសកម្មភាពលក់ដូរ នៅតាមបណ្តាផ្សារនីមួយៗ មានការធ្លាក់ចុះយ៉ាងគំហុក។ រហូតមកដល់ដល់ពេលនេះ បើទោះបីជាការរាតត្បាតជំងឺកូវីដ១៩ បានធូរស្រាល ហើយសេដ្ឋកិច្ចចាប់ផ្តើមបង្ហាញនិន្នាការកើនឡើងក្តី ប៉ុន្តែអាជីវករមួយចំនួន នៅតែមានការត្អូញត្អែរទាក់ទងនឹងការលក់ដូររបស់ខ្លួន ដែលមិនទាន់បានវិល ទៅរកភាពប្រក្រតីវិញ។

លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៃធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានលើកឡើងថា បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោក មានការប្រែប្រួល ដែលបណ្តាលឱ្យសកម្មភាពលក់មិនដូចមុនទៀតឡើយ។

លោកបានព្យល់យ៉ាងដូច្នេះថា បើទោះបីជាសកម្មភាពវិល ទៅដូចមុនការរីករាលដាលជំងឺកូវីដ១៩ ក៏ការលក់ដូរក្នុងទីផ្សារ មិនអាចវិលទៅរកស្ថានភាពមុន និងមិនទទួលបានចំណូលដូចមុនដែរ ដោយសារតែកម្មភាពសេដ្ឋកិច្ចបានប្រែប្រួល។ ប្រសិនបើអាជីវករចង់ឱ្យធ្វើឱ្យសកម្មភាពលក់ដូរ របស់ខ្លួនរីកចម្រើនដូចមុន ទាល់តែប្តូរវិធីសាស្រ្តនៃការលក់ ដូចជាការលក់តាមអនឡាញជាដើម។ ហើយទន្ទឹមគ្នានេះ អាជីវកម្មលក់ដូរល្អបានដូចមុន បានលុះត្រាតែលុយចរាចរណក្នុងសេដ្ឋកិច្ច។

លោកបានពន្យល់បន្តថា «ផ្សារឥលូវនេះ មិនមែនដូចកាលមុនពេលមានការរាតត្បាតជំងឺកូវីដនោះទេ បើទោះបីជាសេដ្ឋកិច្ចកើនឡើងវិញក៏ដោយ ប៉ុន្តែការលក់ដូរ នឹងមិនអាចវិលទៅដូចមុនវិញបានទេ ដោយសារតែមានការបែកខ្ញែកច្រើន។ ការបែកខ្ញែកនេះ ដោយអ្នកខ្លះប្តូរពីការអង្គុយលក់ ក្នុងផ្សារមកដើរលក់នៅតាមផ្ទះ ហើយអ្នកខ្លះចាប់ផ្តើមបង្កើនការលក់តាមអនឡាញ»

លោកបានលើកឡើង ក្នុងអំឡុងពេលរីករាលនៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ តំបន់ជាច្រើនត្រូវបានបិទខ្ទប់ មិនឱ្យប្រជាជនចេញទៅណាបាន ហេតុនេះហើយសេវាមួយចំនួនទាំងសេវាកម្មលក់រាយ លក់ដុំ និងសេវាផ្សេងទៀតបានប្រែក្លាយខ្លួនពីការទិញឥវ៉ាន់ដោយផ្ទាល់នៅផ្សារ មកទិញឥវ៉ាន់តាមរយៈអនឡាញវិញ ដែលធ្វើឱ្យការលក់ដូរតាមរយៈអនឡាញ និងការលក់ដូរនៅតាមផ្សារ មានការប្រកួតប្រជែងគ្នាខ្លាំង៕