(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានបន្ត ចុះទៅក្រើនរំលឹកដល់អតីតយុទ្ធជន នៅយោធភូមិភាគទី៣ ឲ្យទៅចុះបញ្ជីឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នាចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ស្អែកនេះតទៅ ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
នៅចំពោះមុខអតីតយុទ្ធមកពីខេត្តកែប កំពត កោះកុង ព្រះសីហនុ តាកែវ និងកំពង់ស្ពឺ នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកថា «ការចុះឈ្មោះបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីមានឱកាសបោះឆ្នោត ជ្រើសរើសមេដឹកនាំ ដែលយើងពេញចិត្ត មេដឹកនាំដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និង រស់នៅជាប់ជាមួយប្រជាពលរដ្ឋ មិនរត់ចោលប្រជាពលរដ្ឋពេលជួបបញ្ហា ដូចមេដឹកនាំបក្សនយោបាយ មួយចំនួន»។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានរំលឹកដល់អតីតយុទ្ធជន អំពីកិច្ចខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេសជាតិ ក្រោយពេលរំដោះប្រទេស ចេញពីភ្លើងសង្រ្គាម ឲ្យមានការរីកចម្រើនស្ទើរ គ្រប់វិស័យនាពេលបច្ចុប្បន្ន។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញឲ្យថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនតាមខេត្តខិតខំ ដោះស្រាយថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពសមាជិក អតីតយុទ្ធជនឲ្យទាន់ពេលវេលា (មិនឲ្យហួសពីប្រាំពីរថ្ងៃ)។ ទន្ទឹមនោះនាយឧត្តមសេនីយ៍ បានឲ្យថ្នាក់ដឹកនាំសមា គមអតីតយុទ្ធជនខេត្តស្រុក ចុះជួបសំណេះសំណាល ជាមួយសមាជិក ឲ្យបានគ្រប់គ្នា ដើម្បីបានដឹងពីសុខទុក្ខរបស់ ព្រមទាំងបញ្ហាប្រឈម ហើយត្រូវដោះស្រាយឲ្យ បានទាន់ពេលវេលា៕