(កំពង់ចាម)៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិស្សជ័យលាភី សាលាអន្តរជាតិ អាយឌៀល នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម បានដាស់តឿនដល់សិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ យកចំណេះដឹងបម្រើការងារសងគុណ មាតា បិតា និងជួយអភិវឌ្ឍន៍សង្គមជាតិ។

លោកអភិបាលរងខេត្ត បានថ្លែងបន្តថា យើងអាចជួបជុំគ្នាប្រព្រឹត្តកម្មវិធីដូចថ្ងៃនេះទៅបាន គឺដោយសារកត្តាសង្គមជាតិយើងមានសេចក្តីសុខ គឺសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ មានស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។

លោកអភិបាលរងខេត្ត បានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានបើកទូលាយឱ្យវិស័យឯកជន ចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ពោលគឺមានការបើកសាលាឯកជនជាច្រើន ដែលប្រការនេះ អាចធ្វើឱ្យអាណាព្យាបាលរបស់សិស្ស មានជម្រើសច្រើនផងដែរ ក្នុងការបញ្ជូនកូនទៅសិក្សា។

លោកបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ ស្ដីពីការពង្រឹងធនធានមនុស្ស គឺជាអាទិភាពទី១ ក្នុងចំណោមយុទ្ធសាស្ត្រទាំង៥ ដែលក្នុងនោះមាន មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា។ ហើយកត្តាដែលរដ្ឋាភិបាលបានយកយុទ្ធសាស្ត្រទី១ ជាអាទិភាព គឺក្នុងគោលបំណងធ្វើឱ្យមនុស្សមានភាពប្រសើរឡើង ទាំងសុខភាព ជីវភាពប្រចាំថ្ងៃ និងការទទួលសេវារហ័ស។

លោក សួន សុខឡេង ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល សាលារៀនអន្តរជាតិ អាយឌៀល បានយកឱកាសនោះរំលឹកការដឹងគុណ និងចងចាំមិនភ្លេច ចំពោះគុណូបការៈ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម និងជាបិតាស្ថាបនិក សន្តិភាពនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ បានដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ន ដែលបានផ្តល់នូវកាលានុវត្តន៍ភាព ក្នុងការរួមចំណែកបណ្ដុះបណ្តាលធនធានមនុស្ស ទទួលលទ្ធផលសម្រេចបាននៅពេលនេះ និងពេលអនាគតជាបន្តបន្ទាប់ទៀត៕