(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានធ្វើសន្និសីទកាសែត នៅសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីបង្ហាញពីអំពីគោលបំណង នៃការបង្កើត ស.ស.ស.ក និង បេសកកម្មរបស់ ស.ស.ស.ក ។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានថ្លែងឲ្យដឹងថា ការបង្កើតសហភាពសហព័ន្ធអ្នកសារព័ត៌មាន កម្ពុជា គឺដើម្បីដើរតួនាទីរួមចំណែកជា ផលប្រយោជន៍ធំ៣យ៉ាង៖ ទី១) ដើម្បីបម្រើផលប្រយោជន៍អ្នកសារព័ត៌មាន, ទី២៖) ដើម្បីបម្រើ ផលប្រយោជន៍ អ្នកទទួលព័ត៌មាន នោះគឺប្រជាជន និងទី៣) ដើម្បីផលប្រយោជន៍មាតុភូមិកម្ពុជា។
លោក ហ៊ុយ វណ្ណៈ មានថ្លែងគូសបញ្ជាក់ថា៖ «យើងជំនឿដូចគ្នាថា ភាពរីកចម្រើនរបស់បុគ្គល របស់គ្រួសារ របស់សហគមន៍ និងរបស់ ប្រទេសជាតិ គឺអាស្រ័យលើគុណភាពនៃការគិតរបស់ប្រជាជន ។ ប្រជាជនគិតបានគ្រប់ជ្រុងជ្រោយ និងសម្រេចចិត្តត្រូវ គឺអាស្រ័យលើ គុណភាព នៃដំណឹងដែលគេទទួលជារៀងរាល់ថ្ងៃ តាមគ្រប់មធ្យោបាយ។ យើងមិនត្រូវបណ្តែតបណ្តោយឲ្យការបំភ្លៃ ពាក្យចចាមអារ៉ាម ភាពមិនច្បាស់ ព័ត៌មានមិនផ្លូវការ ដឹកនាំសង្គម និងការសម្រេចចិត្តរបស់សង្គមនោះទេ» ។
លោកបន្តថា ក្នុងសង្គមប្រជាធិបតេយ្យ គេមិនអាចឃាត់ឃាំងសេរីភាពនៃការបញ្ចេញមតិ ទស្សនៈ និងការគិតរបស់សង្គមនោះទេ។ ក៏ប៉ុន្តែអ្វីដែលយើងគួរធ្វើ នឹងត្រូវតែធ្វើឲ្យបាន គឺរួមគ្នាខិតខំរួមពង្រឹងមូលដ្ឋាន ការផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវឲ្យដើរមុនសតិអារម្មណ៍ ឲ្យដើរមុនភាពមិនច្បាស់លាស់ឲ្យដើរមុនការ ញុះញ៉ុង និងឲ្យដើរមុនការបំផុសបំផុលសង្គម។ មានតែការបង្កើនជំនឿភាពជាក់ស្តែងទេ ដែលអាចជំនះបាននូវភាពមិនពិតប្រាកដរបស់សង្គម ព្រមទាំងអាចជួយរុញ សកម្មភាពសង្គមឲ្យបានកាន់តែជឿនលឿនទៅមុខ។
តាមផែនការងារ គឺសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងសហការជាមួយស្ថាប័នផ្លូវការ ទាំងផ្នែករដ្ឋ វិស័យឯកជន អង្គការជាតិ និង អន្តរជាតិផ្លូវការ ដើម្បីចូលរួមសិក្ខាសាលាធ្វើបទបង្ហាញ ក្នុងនោះមានទាំងអំពី វិស័យច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម រដ្ឋបាល វិស័យ ឯកជនជាដើម ដើម្បីសិក្ខាកាមជាអ្នកសារព័ត៌មាន មានចំណេះដឹងជាមូលដ្ឋានពិតប្រាកដ។ ពេលនោះហើយ គេនឹងឃើញពីការប្រែប្រួល គុណភាពនៃការផ្សព្វផ្សាយ ហើយក៏នឹងឃើញការប្រែប្រួល ឥរិយាបទជាវិជ្ជមាននៃការគិតរបស់សង្គម ។ គុណភាពព័ត៌មាននឹងរួមចំណែក ធ្វើឲ្យសង្គមមាននិរន្តភាព ក្នុងនោះក៏រួមចំណែករក្សាបាននូវទ្រព្យសម្បត្តិ របស់របរ មរតកជាតិ ឧត្តមគតិជាតិ និងកិត្យានុភាពរបស់ជាតិ ឲ្យនៅស្ថិតស្ថេរគង់វង្សតជំនាន់មនុស្ស។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់បដិសន្ធិនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ដោយមានសមាជិកស្ថាបនិកដំបូង២០រូប និងមានទីប្រឹក្សា៦រូប សុទ្ធសឹងជាអ្នកដឹកនាំផ្នែកសារព័ត៌មាន ។ រហូតមកទល់ថ្ងៃទី៣១ ខែសីហានេះ ស.ស.ស.ក ទទួលបានសមាជិក ជាគ្រួសារអ្នកសារព័ត៌មានចំនួនជិត៨០០នាក់ មកពីជាង៣០ស្ថាប័នផ្សព្វផ្សាយ ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងធ្វើរាត្រីសមោសរ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ ដោយមានភ្ញៀវចូលរួមជាមន្ត្រី ជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រធានអង្គការសង្គមស៊ីវិល និង វិស័យឯកជនចូលរួម សរុបប្រមាណ១០០នាក់ ដើម្បីគៀងគរមូលនិធិគាំទ្រ សកម្មភាពការងាររបស់ ស.ស.ស.ក៕