(កណ្តាល)៖ លោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងកោះធំ ខេត្តកណ្តាល បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឈានឆ្ពោះទៅដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិរបស់ជាតិកម្ពុជា។
ការអំពាវនាវរបស់លោក ប៉េង ពោធិ៍នា បានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល កាលពីថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ថ្លែងទៅកាន់អង្គពិធី លោក ប៉េង ពោធិ៍នា បានរំលឹកឡើងវិញ អំពីការវាយតម្លៃរបស់អង្គសន្និបាត គណៈកម្មាធិការកណ្ដាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា អំពីអត្ថន័យជ័យជម្នះដ៏ធំធេង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កន្លងទៅ ដែលបានឆ្លុះបញ្ចាំងនូវឆន្ទៈគាំទ្រយ៉ាងពេញទំហឹងចំពោះគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ដើម្បីវឌ្ឍនភាព និងវិបុលភាពយូរអង្វែង ដែលក្នុងនោះសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា មានរហូតដល់ទៅ ៨៣,០៣ភាគរយ ដែលជាអត្រាមួយដ៏ខ្ពស់ ប្រៀបទៅនឹងប្រវត្តិថ្មីៗនៃការចូលរួមបោះឆ្នោតទាំងនៅកម្ពុជា និងប្រទេសជាច្រើនផ្សេងទៀតក្នុងពិភពលោក។
តាមរយៈលទ្ធផលនេះ លោក ប៉េង ពោធិ៍នា ក៏បានបញ្ជាក់ថា ប្រជាជនកម្ពុជាទូទាំងប្រទេសនៅតែបាន និងកំពុងគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គាំទ្រការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងគាំទ្រសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រទេសតទៅមុខទៀត ដើម្បីសន្តិភាព និងវឌ្ឍនភាពយូរអង្វែង។
លោកប្រធានក្រុមការងារ បានបន្ថែមថា ដើម្បីជាការឆ្លើយតបនឹងជំនឿទុកចិត្តរបស់ប្រជាជនដែលបានបោះឆ្នោតគាំទ្រគណបក្ស និងដើម្បីគណបក្សប្រជាជនកម្ពុជា អាចដឹកនាំប្រទេសបានយូរអង្វែង ថ្នាក់ដឹកនាំគណបក្ស ថ្នាក់ដឹកនាំក្រុមការងារ មន្ត្រីរដ្ឋបាលគ្រប់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ ត្រូវយកអស់កម្លាំងកាយចិត្តអនុវត្តឱ្យបានជោគជ័យកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២៣-២០២៨ ដែលជាកិច្ចសន្យារវាងគណបក្ស ជាមួយនឹងម្ចាស់ឆ្នោត។
លោកប្រធាន សង្ឃឹមយ៉ាងមុតមាំថា អ្នកបោះឆ្នោតទាំងអស់ នឹងរួមសាមគ្គីគ្នាអនុវត្តនូវភារកិច្ចតាមសមត្ថកិច្ចទទួលខុសត្រូវរៀងៗ ឱ្យអស់ពីលទ្ធភាព សមត្ថភាព និងទទួលបានជោគជ័យជាក់ជាមិនខាន៕