Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តស្ទឹងត្រែង៖ កម្លាំងប្រដាប់អាវុធមាននាទីទប់ស្កាត់ប្រឆាំងរាល់ឧបាយកល ធ្វើឲ្យរាំងស្ទះការចុះឈ្មោះបោះឆ្នោត

31-08-2016 11:31

(ស្ទឹងត្រែង)៖ គ្រាដែលការចុះបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រនឹងចាប់ផ្តើម នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ស្អែកនេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានប្រាប់ទៅដល់កងកម្លាំង ប្រដាប់អាវុធនៅក្នុងខេត្តស្ទឹងត្រែងថា កងកម្លាំងប្រដាប់អាវុធមានតួនាទី ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ឧបាយកល ប៉ុនប៉ងបំផ្លិចបំផ្លាញ ឬ ធ្វើឲ្យរាំងស្ទះដំណើរការ ចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតគ្រប់រូបភាព។ លោកអភិបាលខេត្តបន្ថែមថា កងកម្លាំងប្រដាប់អាវុធត្រូវធានាឲ្យ បាននូវបរិយាកាសនយោបាយ ស្ងប់ស្ងាត់ និង អព្យាក្រឹត ដើម្បីឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។

លោកអភិបាលខេត្ត ម៉ុម សារឿន ថ្លែងបែបនេះនៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពី យន្តការរបស់គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ រដ្ឋបាលខេត្ត តួនាទីភារកិច្ច និងខ្លឹមសារផែនការអន្តរស្ថាប័ន របស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ស្តីពីកិច្ចការការពារការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជី ចុះឈ្មោះបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និង ការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ។

លោកអភិបាលខេត្ត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងទាំងអស់គ្នាដែលមានកាតព្វកិច្ច និងតួនាទីភារកិច្ចជុំវិញកិច្ចការនេះ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពី កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីសម្រេចបាន គោលដៅសំខាន់ៗដូចជា ចាត់វិធានការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ឧបាយកល ការប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការនៃការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតគ្រប់រូបភាព ហើយធានាឲ្យបាននូវបរិយាកាស នយោបាយស្ងប់ស្ងាត់ និងអព្យាក្រឹត ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្រមតាមគោលការណ៍ លិទ្ធិប្រជាធិបតេយ្យប្រកបដោយ សុវត្តិភាព គ្មានការគំរាមកំហែង ការបំភិតបំភ័យ និងគ្មានអំពើហិង្សាផ្សេងៗ និងផ្តល់នូវសេវាសន្តិសុខ ដោយស្មើភាពគ្នាជូនប្រជាពលរដ្ឋ គ្រប់រូបដែលមានសិទ្ធបោះឆ្នោត បេក្ខជន វាគ្មិន តំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ដែលចូលរួមសង្កេតការណ៍ ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត»

បន្ថែមពីនេះ លោក បានឲ្យដឹងទៀតថា  ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ប្រទេសកម្ពុជា នឹងមានការចុះឈ្មោះបោះឆ្នោត រៀបចំបច្ចុប្បន្នភាព បញ្ជីឈ្មោះបោះឆ្នោត និងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសគឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជាដំណាក់កាលដែលប្រជាពលរដ្ឋ គ្រប់អាយុបោះឆ្នោតទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី។

គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជាដំណាក់កាលដែលប្រជាពលរដ្ឋ គ្រប់អាយុបោះឆ្នោតទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតចំនួន ០៤លើក រួមមានដូចជា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧, ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ នៅក្នុងខែកក្កដា ក្នុងឆ្នាំ២០១៨, ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅក្នុងឆ្នាំ២០១៨, និងការបោះឆ្នោតជ្រើរើស ក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នៅក្នុងឆ្នាំ២០១៩៕