(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានស្នើដល់មន្ដ្រីសុខាភិបាលទាំងអស់ ត្រូវព្យាយាមរៀនសូត្រអភិវឌ្ឍខ្លួនជាប់និច្ច ដើម្បីពង្រឹងសមត្ថភាព និងគុណភាពនៃការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែប្រសើរពីមួយទៅមួយទៅ។
ការថ្លែងដូចនេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) សៀមរាបអង្គរ នៅក្នុងសប្ដាហ៍នេះ។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «បន្ទាប់ពីការព្យាយាមរៀនសូត្រជានិច្ច អនុវត្ដប្រតិបត្ដិឱ្យបានត្រឹមត្រូវ មានទំនាក់ទំនងប្រសើរជាមួយសហភាតរៈ ក្រុមគ្រួសារអ្នកជំងឺ និងសង្គម ឱ្យបានកាន់តែប្រសើរ ក៏សូមឱ្យបងប្អូនមន្ដ្រីសុខាភិបាលយើង បន្ដធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីនវានុវត្ដន៍នៅក្នុងមន្ទីរពេទ្យ ក្រមខណ្ឌមន្ទីរពេទ្យ ក្នុងវិស័យសុខាភិបាល ដែលបច្ចេកវិទ្យាកាន់តែរីកចម្រើន ដែលនាំឱ្យកាត់បន្ថយការឈឺចាប់កាន់តែតិច ការរំខានក្នុងជីវិតកាន់តែប្រសើរឡើង និងការជួយសម្រួលនូវសុខុមាលភាពកាន់តែល្អ វិទ្យាសាស្ដ្រកាន់តែប្រសើរឡើង»។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ថែមថា សម្រាប់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដែលជាមន្ទីរមួយដែលមានគុណភាពក្នុងនិយាមអន្ដរជាតិ និងទទួលបាននូវជំនឿទុកចិត្ដខ្ពស់ពីប្រជាជនយើង គឺកាន់តែចាំបាច់ក្នុងការពង្រឹងសមត្ថភាពជាប់ជានិច្ច និងបង្កើតទំនាក់ទំនងល្អជាមួយគ្រួសារអ្នកជំងឺ ពិសេសត្រូវខិតខំប្រឹងប្រែងថែរក្សារបស់ដែលមានស្រាប់ កុំឱ្យបាត់បង់ទៅវិញ ដើម្បីតម្កល់នូវលទ្ធផលជោគជ័យនេះ ផ្សារភ្ជាប់ឱ្យក្លាយជាការចងចាំជាវប្បធម៌នៃជោគជ័យរបស់មន្ទីរពេទ្យទារក កុមារ និងមាតានៅកម្ពុជា។
ទនឹ្ទមនឹងនោះលោកសាស្ដ្រារដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់មន្ដ្រីរាជការ បុគ្គលិកសុខាភិបាល និងសំណូមពរដល់បងប្អូនទាំងឡាយដែលពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមថែរក្សារបស់ដែលកំពុងមានផ្លែផ្កាទាំងអស់នេះ។
ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានក្រើនរម្លឹកដល់មន្ដ្រីសុខាភិបាលទាំងអស់ ត្រូវយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា ក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ពិសេសអ្នកជំងឺដែលកំពុងប្រឈមនឹងហានិភ័យ សូមផ្ដល់សេវាឱ្យទាន់ពេលវេលា កុំធ្វេសប្រហេសឱ្យសោះ ព្រោះជីវិតអ្នកជំងឺ ដូចនឹងទ្រនិកនាឡិកាកំពុងដើរទៅមុខដូច្នេះដែរ បើសង្គ្រោះមិនទាន់អ្វីៗនឹងហួសពេល ដោយមិនអាចបកក្រោយបាននោះទេ៕