(ភ្នំពេញ)៖ ដើម្បីសម្រួល នឹងបើកឱកាសការងារដល់ប្រជាជនកម្ពុជា កាន់តែមានភាពទូលំទូលាយ ពិសេសសម្រាប់កម្មករ-កម្មការិនី សមាគមរោងចក្រកាត់ដេរ កម្ពុជា (GMAC) និងវិទ្យុ NRG 89 FM បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្ដិការជាមួយគ្នា ក្នុងការពង្រីកវិសាលភាពព័ត៌មានទាំងឡាយណា ដែលទាក់ទងទៅនឹងដំណឹង វិស័យកាត់ដេរនៅកម្ពុជា។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើទ្បើង រវាងប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា និងតំណាងឲ្យ GMAC លោក វ៉ាន់ សូអៀង និងលោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន Worldbridge International និងជាតំណាងវិទ្យុ NRG 89 FM នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
លោក វ៉ាន់ សូអៀង ថ្លែងឲ្យដឹងថា «កម្មកររោងចក្រជាច្រើន មិនបានអានកាសែតទេ ព្រោះព្រឹកឡើងគាត់ចូលទៅធ្វើការងារហើយ ដូច្នេះចាប់ពីពេលនេះទៅ គាត់នឹងអាចទទួលបានព័ត៌មានគ្រប់បែបយ៉ាងជុំវិញ វិស័យកាត់ដេរនៅកម្ពុជា ឬសេចក្ដីប្រកាសរកកម្មករ-កម្មារិនីបន្ថែមទៀត តាមរយៈវិទ្យុ NRG 89 FM ពិសេសការសួរសុខទុក្ខ ក្រុមគ្រួសាររបស់ពួកគាត់ តាមរយៈវិទ្យុបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងបាន ព្រោះវិទ្យុនេះ បានពង្រីកការផ្សាយ នៅទូទាំង២៥ ខេត្ដក្រុង»។
ទន្ទឹមនឹងនោះ លោកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងផងដែរថា «ជាការពិតណាស់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ តទៅនេះ កម្មករ-កម្មការិនី នឹងមានភាពងាយស្រួល ក្នុងទទួលបានព័ត៌មានជុំវិញពិភពលោក ពិសេសទាក់ទិនទៅនឹងវិស័យកាត់ដេរនៅកម្ពុជា ឱកាសស្វែងរកការងារធ្វើទូទៅ និងសេចក្ដីប្រកាសផ្សេងៗពីGMAC រួមទាំងបទចម្រៀងពិរោះៗ គ្រប់ពេលដែលពួកគាត់កំពុងធ្វើការងារផងដែរ ដែលនេះជាផ្នែកមួយ ដែលជួយសម្រាលភាពហត់នឿយពីការងារ រួមទាំងអាចចូលរួមជជែកកំសាន្ដ ក្នុងកម្មវិធីទាំងអស់ នៅក្នុងវិទ្យុនេះបាន ផងដែរ» ។
គួរបញ្ជាក់ផងដែរថា វិទ្យុ NRG 89 FM ដែលជាវេទិការតន្ដ្រីសុទ្ធ គ្របដណ្ដប់ទូទាំងប្រទេស មានបទចម្រៀង ជាតិ-អន្ដរជាតិ គ្រប់ចង្វាក់ ដែលកំពុងពេញនិយម គ្រប់ស្រទាប់យុវវ័យ ពិសេស មានបទចម្រៀងមិនចម្លងពីគេ (Original Music) និងកាន់តែមានអត្ថប្រយោជន៍នោះ គឺដំណឹងជ្រើសរើសបុគ្គលិកគ្រប់ផ្នែក ,អប់រំសុខភាព ,ច្បាប់ចរាចរណ៍, សំណូមពរបទចម្រៀង និងដំណឹងជុំវិញនឹងវិស័យកាត់ដេរ នៅកម្ពុជាជាចម្បង៕