(ចង្រ្កង់-ចិត្របុរី)៖ នាព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៤ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាល្អនៃ​ ភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ អគារសិក្សាមួយខ្នងទើបសាងសង់ថ្មី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជាគុណប្រយោជន៍នៃការអប់រំសិក្សាសម្រាប់កុមារា កុមារី នៃតំបន់ជនបទក្រីក្រមួយនេះ។

ពិធីជាមហោឡារិកនេះត្រូវបានរៀបចំឡើងដោយអាជ្ញាធរខេត្តក្រចេះ ស្ថិតក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ព្រុំ សុខា អតីតប្រធានក្រុមការងារខេត្តក្រចេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន នេត្រ ភក្រ្តា ប្រធានបច្ចុប្បន្នរបស់ក្រុមការងារខេត្តក្រចេះ និងលោកអភិបាលខេត្តក្រចេះ វ៉ា ថន ព្រមទាំងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ មន្រ្តីមូលដ្ឋាន ខេត្ត ស្រុក និងអ្នកមុខអ្នកការនៃក្រុមការងារជាច្រើនរូបទៀត។

សូមបញ្ជាក់ថា អគារសិក្សាមួយខ្នងថ្មីនេះមានប្រាំបន្ទប់ សាងសង់ឡើងតាមស្តង់ដាវិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ចំណាយទឹកប្រាក់អស់ចំនួន ៨៥.០០០$( ប្រាំបីម៉ឺនប្រាំពាន់ដុល្លារអាមេរិក)ដែលជាការចូលរួមបច្ច័យដោយសទ្ធាជ្រះថ្លានៃសប្បុរសជនគ្រប់ទិសទីនៅទូទាំងប្រទេសតាមរយៈបុណ្យផ្កាសាមគ្គីកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការផ្តើមគំនិតរបស់លោក ព្រុំ សុខា អតីតរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៕