(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅពិធីបើកសម្ពោធរឿង «៣០ថ្ងៃ» នៅរោងភាពយន្ត Legend នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ លោក អ៉ិន សុភិន ជាផលិតករ និងជាចាងហ្វាងផលិតកម្ម មហាហង្ស បានថ្លែងក្នុងភាពជឿជាក់ថា រឿង «៣០ថ្ងៃ» ដែលជាភាពយន្តខ្នាតធំ កំពុងតែដាក់បញ្ចាំងនេះ គឺពិតជាល្អមើលជាងរឿងមុនៗ ព្រោះតែរឿងនេះ មានឈុតឆាកប្លែកៗជាច្រើន ជាពិសេសគឺភាពកំប្លុកកំប្លែង របស់តួអង្គនីមួយៗ ដែលធ្វើឲ្យផ្ទៃរឿងទាំងមូល មានសភាពរស់រវើក អ្នកទស្សនាសើចបិទមាត់មិនជិត។
លោក អ៉ិន សុភិន បានអះអាងទៀតថា អ្វីដែលកាន់តែពិសេសសម្រាប់ទស្សនិកជននោះ គឺរឿង «៣០ថ្ងៃ» មានការចូលរួមសម្ដែង ពីសំណាក់នាយ គ្រឿន តារាកំប្លែងដ៏ល្បី ក្នុងក្រុមកំប្លែង នាយ ពែកមី និងលោក BIG ដែលជាវត្តមានក្នុងរឿងដំបូង របស់ផលិតកម្ម មហាហង្ស ហើយតួអង្គនីមួយៗប្រឹងប្រែង លេងអស់ពីលទ្ធភាព ដោយផ្ដោតសំខាន់លើឈុតឆាក កំប្លែងច្រើន។ ជាមួយគ្នានេះរឿង «៣០ថ្ងៃ» ក៏ជារឿងមួយត្រូវបានប្រើបច្ចេកវិទ្យាថ្មី កាមេរ៉ាថ្មី ដែលផលិតកម្ម មហាហង្ស ទើបតែនាំចូល ហើយបានសាកល្បង ថតរឿងនេះមុនគេ។
លោកបន្ថែមថា ភាពយន្តខ្នាតធំរឿង «៣០ថ្ងៃ» ក្រៅពីមានឈុតឆាកកំប្លែងច្រើន នៅក្នុងសាច់រឿង ក៏មានឈុតពាក់ព័ន្ធនឹងអបិយ៍ជំនឿ ខ្មោចព្រាយ បិសាច ភ័យរន្ធត់ផងដែរ ហើយក៏មានការអប់រំដល់សង្គម ត្រង់បុគ្គលជាបុគ្គលិកក្រុមហ៊ុន ជាមនុស្សល្អ ជួយត្រួសត្រាយផ្លូវ ដើម្បីឲ្យបានកន្លែងមួយ ដែលគេបោះបង់ចោលទៅហើយនោះ មកក្លាយជាកន្លែងធម្មតា មានមនុស្សរស់នៅដូចដើមវិញ។ បើនិយាយឲ្យខ្លី គឺបានន័យថា ការតស៊ូរបស់មនុស្សល្អមួយក្រុម អាចជំនះបាននូវរឿងរ៉ាវ ទាំងផ្លូវងងឹត និងផ្លូវភ្លឺ។
យ៉ាងណាមិញ ស្របពេលជាមួយនឹងរឿង «៣០ថ្ងៃ» ដែលកំពុងតែដាក់បញ្ចាំង តាមបណ្ដារោងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញនេះ លោក អ៉ិន សុភិន បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យខ្ពស់ ទោះបីបច្ចុប្បន្ន មានភាពយន្តរបស់ផលិតកម្មផ្សេងៗជាច្រើន កំពុងតែមានការប្រកួតប្រជែង លើទីផ្សារក្ដី។ លោកយល់ថា រឿង «៣០ថ្ងៃ» ត្រូវបានផលិតកម្ម មហាហង្ស សម្រិតសម្រាំងយ៉ាងពិសេស ផ្ដោតសំខាន់លើគុណភាពជាចំបង ហើយតួសម្ដែងសុទ្ធសឹងតែ កំពុងតែមានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ទើបលោករំពឹងខ្ពស់បែបនេះ។
រឿង «៣០ថ្ងៃ» មានការចូលរួមសម្ដែង ដោយតារាល្បីជាច្រើនដួង រួមមាន អ្នកនាង សុខ សោម៉ាវត្តី, លោក ជា សុវណ្ណនរាហ៍, នាយ គ្រឿន, លោក BIG, លោក ជា សំណាង, លោក ប៉ែន ស៊ីមន, កញ្ញា ប៉ែន ស្រីពេជ្រ ព្រមទាំងតារាល្បីៗជាច្រើនទៀត។ រឿង «៣០ថ្ងៃ» នឹងដាក់បញ្ចាំងតាមរោងភាពយន្តទំនើបនានា ចាប់ពីថ្ងៃនេះតទៅ៕