(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា បុរសអាយុ ៣០ឆ្នាំម្នាក់បានបាញ់សម្លាប់សាច់ញាតិចំនួន ១២នាក់រួមទាំងឪពុក និងបងប្រុសរបស់ខ្លួន នៅក្នុងប្រទេសអ៉ីរ៉ង់ ដែលនេះជាករណីដ៏កម្រមួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៤។

បុរសរូបនោះប្រើប្រាស់កាំភ្លើងម៉ាក Kalashnikov ហើយក្រោយមកត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខ នៅក្នុងខេត្ត Kerman ភាគខាងត្បូងនៃប្រទេសអ៉ីរ៉ង់។ មូលហេតុ​នៃការ​បាញ់​ប្រហារក្នុងភូមិ​ដាច់ស្រយាល​នេះ គឺ​ជា​ជម្លោះ​ក្នុង​គ្រួសារ។

គួរបញ្ជាក់ថា ករណីសម្លាប់រង្គាលគឺកម្រនឹងកើតមានណាស់នៅក្នុងប្រទេសអ៉ីរ៉ង់ ដែលកាំភ្លើងវែងគឺជាអាវុធតែមួយគត់ដែលមនុស្សទូទៅអាចកាន់កាប់បាន។ កាលពី ២ឆ្នាំមុន បុគ្គលិកនៃស្ថាប័នរដ្ឋមួយនៅឯភាគខាងលិចប្រទេសអ៉ីរ៉ង់ ដែលត្រូវបណ្តេញចេញពីការងារ បានបាញ់សម្លាប់មនុស្ស ៣នាក់ និងរបួស ៥នាក់មុនពេលសម្លាប់ខ្លួនឯង៕

រូបភាពពី AFP