(ភ្នំពេញ)៖ អ្នកជំនាញផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រ មកពីប្រទេសអាល្លឺម៉ង់ លោកស្រី Tania Maxine Hodger, ACADEMIC TRAINER CAMBRIDGE EDUCATION PANEL MEMBER បានធ្វើការចែករំលែកចំណេះដឹងថ្មីៗ លើការបង្រៀនផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្របង្រៀនតាមបែបសតវត្សរ៍ទី២១ ស្របតាមស្តង់ដារអន្តរជាតិ ដល់លោកគ្រូ អ្នកគ្រូ ទាំងនៅស្ថាប័នរដ្ឋ និងផ្នែកឯកជននៅកម្ពុជា ជិត​ ១០០នាក់ ឱ្យមានវិធីសាស្ត្របង្រៀនស្របតាមស្តង់ដារអន្តរជាតិ តាមរយៈកម្មវិធីសិក្សា Cambridge។

សិក្ខាសាលាចែករំលែកចំណេះដឹងនេះដែរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៤នេះ នៅអគារ GIA Tower ក្រោមវត្តមានលោកបណ្ឌិត អ៊ុំ ចាន់ចំណាន និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជនប្រមាណជិត១០០នាក់ និងបានធ្វើឡើងក្រោមការសម្របសម្រួលពីលោក ទូច ពុទ្ធី អគ្គនាយកក្រុមហ៊ុនអន្តរជាតិ DTP Education Solution Cambodia ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។

បើតាមលោក ទូច ពុទ្ធី បានបញ្ជាក់ថា គោលបំណងនៃការរៀបចំកម្មវិធីនេះគឺដើម្បីបង្កើនគុណភាពលេីការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ និងគណិតវិទ្យា តាមបែបសតវត្សរ៍ទី២១ ស្របតាមស្តង់ដារអន្តរជាតិ បន្ថែមទៅលើអ្វីដែលលោកគ្រូ អ្នកគ្រូ នៅក្នុងប្រទេសកម្ពុជាមានពេលបច្ចុប្បន្ន និងដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែបានល្អប្រសើរទៅមុខ ឱ្យស្របតាមបច្ចេកវិទ្យាថ្មីនាពេលបច្ចុប្បន្ននេះ ជាពិសេសស្របតាមស្តង់ដារអន្តរជាតិរបស់ចក្រភពអង់គ្លេស កម្មវិធីសិក្សា Cambridge។

លោក ទូច ពុទ្ធី បានបញ្ជាក់ទៀតថា សិក្ខាសាលានេះដែរក៏ដើម្បីចែករំលែកចំណេះដឹងពីបណ្តាវាគ្មិនជំនាញ ជូនដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលារៀន ទាំងសាលារដ្ឋ និងឯកជន ទៅបន្តធ្វើការជាមួយសិស្សានុសិស្សរបស់ខ្លួនឱ្យទទួលបានជោគជ័យបន្ថែមទៀតលើការបង្រៀនរបស់ខ្លួន និងរៀន តាមរយៈកម្មវិធីសិក្សា Cambridge ហើយនៅពេលដែលកូនសិស្សទទួលបានការសិក្សាកាន់តែច្រើននោះ និងធ្វើឱ្យពួកគេកាន់តែមានចំណេះដឹងថ្មីៗ មានភាពឆ្លាតវៃ មានគំនិតឆ្នៃប្រឌិត ចេះស្រាវជ្រាវ និងទំនាក់ទំនងតាមបែបបច្ចេកវិទ្យា ស្របតាមស្តង់ដារអន្តរជាតិ។

បើតាមលោក ទូច ពុទ្ធី កូនខ្មែរនៅពេលបច្ចុប្បន្ននេះក៏មានចំណេះដឹងខ្ពស់ ដែលអាចមានឱកាសចូលរួមប្រកួតប្រជែងជាមួយបណ្តាប្រទេសមួយចំនួនផងដែរ បើទោះបីជាប្រទេសប្រទេសកម្ពុជា មិនទាន់មានការរីកចម្រើនខ្លាំង ទៅលើវិស័យអប់រំ ដូចបណ្តាប្រទេសដ៏ទៃទៀតក៏ដោយ តែកម្ពុជា ក៏មានការសាលាបង្រៀន ទាំងសាលារដ្ឋ និងឯកជន ដែលមានវិធីសាស្ត្របង្រៀន តាមបែបស្តង់សដារអន្តរជាតិផងដែរ។

លោក សម្បត្តិ សុផា គ្រូបង្រៀនឯកជន ដែលចូលរួមក្នុងសិក្ខាចែករំលែកចំណោះដឹងនេះ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងបញ្ជាក់ថា សិក្ខាសាសាលាមួយនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងដល់រូបគាត់ តាមរយៈការជួយបង្កើនដល់សមត្ថភាពបង្រៀនរបស់គាត់បន្ថែមទៀត ពិសេសគាត់ក៏អាចចាប់យកចំណុចល្អៗដើម្បីទៅបង្រៀនឱ្យទទួលបានលទ្ធផលសិក្សារបស់កូនសិស្សកាន់តែល្អប្រសើរឡើងផងដែរ។

ជាមួយគ្នាមនោះលោកគ្រូ សម្បត្តិ សុផា បានថ្លែងអរគុណដល់ DTP Education Solution Cambodia ដែលបាននាំយកនូវសិក្ខាសាលាចែករំលែកចំណេះដឹងនេះដល់លោកគ្រូ អ្នកគ្រូនៅកម្ពុជា និងបានបង្ហាញបំណងចង់ឱ្យមានការរៀបចំសិក្ខាសាលានេះឱ្យបានច្រើនវគ្គបន្ថែមទៀត ព្រោះសិក្ខាសាលាមួយនេះវាពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកអប់រំ ហើយនឹងអាចផ្តល់ចំណេះដឹងដល់សិស្ស និងជួយធ្វើឱ្យសង្គមមានការរីកចម្រើនផងដែរ៕