(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រកំព្យូទ័រថ្នាក់បឋមដល់សិស្សសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានវិទ្យា និងទេសចរណ៍ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំជាង ១០០នាក់ និងបើកវគ្គសិក្សាថ្មីសម្រាប់សិស្សជិត ៥០នាក់បន្ថែមទៀត។
នៅក្នុងពិធីនេះដែរក៏មានការចូលរួមពី លោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍, លោកអភិបាល អភិបាលរង និងប្រធានការិយាល័យអប់រំស្រុកបារាយណ៍ រួមទាំងមានសិស្សានុសិស្សជិត ២០០នាក់ផងដែរ។
ថ្លែងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា មនុស្សគ្រប់រូបត្រូវមានចំណេះដឹង និងការអប់រំល្អ ទើបក្លាយជាធនធានមនុស្សដ៏ល្អ ខ្លាំងពូកែ។ ទំរាំក្លាយជាធនធានមនុស្សដ៏ល្អ គឺយើងត្រូវចំណាយពេលដល់ទៅ ៣០-៣៥ឆ្នាំ។
ដោយឡែកចំពោះកម្ពុជា យើងបានឆ្លងកាត់នូវការឈឺចាប់ខ្លោចផ្សារ និងបាត់បង់ធនធានមនុស្សស្ទើរគ្មានសល់ ដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត (០៣ឆ្នាំ ៨ខែ ២០ថ្ងៃ) ដែលរបបដ៏យង់ឃ្នងនេះ បានកាប់សម្លាប់និស្សិត បញ្ញាវ័ន្ត គ្រូពេទ្យ វិស្វករ លោកគ្រូ អ្នកគ្រូ និងអ្នកចេះដឹងជាច្រើននាក់ ពិសេសគឺបានបំផ្លាញវិស័យអប់រំសិក្សាធិការឲ្យធ្លាក់ដល់សូន្យ។
លោកទេសរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា ជាភ័ព្វសំណាងល្អ យើងមានថ្ងៃ ០៧ មករា ១៩៧៩ ដែលដឹកនាំដោយសម្តេចទាំង០៣ និងឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានក្រោកឡើងតស៊ូ និងធ្វើការរំដោះប្រទេសជាតិឲ្យរួចផុតពីរបស់ប្រល័យពូជសាសន៍នេះ និងបានផ្តល់អាយុជីវិត និងសិទ្ធិសេរីភាពជូនប្រជាជនកម្ពុជាវិញ។
ក្រោយថ្ងៃ ៧ មករា ១៩៧៩ អ្វីៗគឺត្រូវចាប់ផ្តើមស្តារ និងកសាងប្រទេសជាតិឡើងវិញចាប់ពីបាតដៃទទេ ក្នុងនោះវិស័យអប់រំសិក្សាធិការ យើងបានប្រកាន់យកនូវគោលនយោបាយ និងយុទ្ធសាស្រ្តចំបង គឺអ្នកចេះតិចបង្រៀនអ្នកអត់ចេះ, អ្នកចេះច្រើនបង្រៀនអ្នកចេះតិច។ ដោយឈរលើគោលមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់រាជរដ្ឋាភិបាល យើងបានធ្វើការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេសជាតិ រហូតដល់មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ (មានរយៈពេល ៤៥ឆ្នាំ) ក្នុងនោះវិស័យអប់រំសិក្សាធិការគឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
លោកទេសរដ្ឋមន្ត្រី បានឱ្យទៀតថា ក្នុងក្របខ័ណ្ឌនៃទស្សនវិស័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាមួយនឹងបាវចនា៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និងបច្ចេកវិទ្យា, ជាពិសេស គឺបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។
លោកបណ្ឌិត បញ្ជាក់ដែរថា បេីយើងក្រឡេកមកមើលការវិឌ្ឍន៍នៃបច្ចេកវិទ្យាក្នុងយុគសម័យថ្មីនេះ ដូចជាឧបករណ៍វ័យឆ្លាត, កុំព្យូទ័រចល័ត, ការទូទាត់តាមបែបឌីជីថល, ធនាគារអេឡិចត្រូនិក, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ព័ត៌មានអនឡាញ , ការប្រើប្រាស់បណ្តាញសង្គម, ការធ្វើទីផ្សារតាមបែបឌីជីថល បាននិងកំពុងផ្លាស់ប្តូររបៀបធ្វើការងារតាមបែបប្រពៃណីនៅកម្ពុជា និងក្លាយជាផ្នែកជំនាញអក្ខកម្មឌីជីថល ដែលមានភាពចាំបាច់សម្រាប់ការបំពេញការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជំនាញទាំងនេះបានផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់សិស្សានុសិស្សដូចជា៖
១៖ សម្រាប់សិស្សដែលបានបញ្ចប់វគ្គសិក្សា៖ សូមយកចំណេះដឹងដែលបានរៀនសូត្រ ទៅប្រើប្រាស់ឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាននៅក្នុងជីវភាពនិងការងារប្រចាំថ្ងៃ ហើយត្រូវខិតខំចាប់យកវគ្គកម្រិតមធ្យម និងកម្រិតខ្ពស់បន្តទៀត។ ការរៀនគឺមិនចេះចប់ឡើយ កាលណាយើងរៀនច្រើនចេះច្រើន និងចង់ដឹងចង់លឺកាន់តែច្រេីនដើម្បីដុះខាត់ចំណេះដឹង បទពិសោធន៍ និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំងពូកែថែមទៀត។
២៖ សម្រាប់សិស្សដែលកំពុងសិក្សា៖ ត្រូវខិតខំសិក្សារៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា ដើម្បីក្លាយជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឬស្សី និងអ្នកបន្តវេនប្រកបដោយថាមពល និងសក្តានុពលទៅអនាគតសម្រាប់ប្រទេសជាតិ។
៣៖ សម្រាប់លោកគ្រូគ្រប់គ្រងវគ្គ៖ ត្រូវបន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឳពុកទី២ ជាមគ្គុទ្ទេសក៍សម្រាប់សិស្ស និងត្រូវខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសមត្ថភាពខ្លួនឲ្យបានជាប់ជាប្រចាំ ទាំងចំណេះដឹងជំនាញ ទាំងវិធីសាស្រ្តបង្រៀន ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀនដល់សិស្សឲ្យមានចំណេះដឹងទូលំទូលាយ ស្របតាមការវិវត្តនៃសម័យកាលបច្ចុប្បន្ន និងទៅអនាគត។
នាឱកាសនោះដែរដើម្បីជាការលើកទឹកចិត្តដល់សិស្សដែលបានបញ្ចប់វគ្គសិក្សា និងសិស្សចូលរៀនវគ្គថ្មី លោកបណ្ឌិត ថោង ខុន ក៏បានផ្តល់ជាអំណោយសម្រាប់ចែកជូនដល់សិក្សានុសិស្សមួយចំនួនផងដែរ៕