(ស្វាយរៀង)៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ លោកសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង អញ្ជើញជាអធិបតី សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «កម្មវិធីសិក្សាគោលជំនាញគណនេយ្យ របស់សមាគមគណនេយ្យករជំនាញ ACCA និងបទពិសោធន៍ជាក់ស្តែងនៃដំណើរឆ្ពោះទៅចាប់អាជីពក្នុងវិជ្ជាជីវៈគណនេយ្យ ដែលមានលក្ខណ:ស្តង់ដារ»។

មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យស្វាយរៀង សហការជាមួយសមាគមគណនេយ្យករជំនាញ ACCA ប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កម្មវិធីសិក្សាគោលជំនាញគណនេយ្យ របស់សមាគមគណនេយ្យករជំនាញ ACCA និងបទពិសោធន៍ជាក់ស្តែងនៃដំណើរឆ្ពោះទៅចាប់អាជីពក្នុងវិជ្ជាជីវៈគណនេយ្យ ដែលមានលក្ខណ:ស្តង់ដារ» ដើម្បីផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការបណ្តុះបណ្តាលជំនាញគណនេយ្យដែលមានលក្ខណៈស្តង់ដាររបស់សមាគមគណនេយ្យករជំនាញ (ACCA) ព្រមទាំងការអភិវឌ្ឍ និងបច្ចុប្បន្នភាពក្នុងអាជីពជាគណនេយ្យករជំនាញដែលមានលក្ខណ: ស្តង់ដារ ជូនដល់សាស្រ្តាចារ្យ គ្រូបង្រៀន និងនិស្សិតដែលកំពុងសិក្សាក្នុងជំនាញគណនេយ្យនៅសាកលវិទ្យាល័យស្វាយរៀង សរុបប្រមាណ៦០០នាក់។

ថ្លែងក្នុងពេលបើកសិក្ខាសាលា លោកសាស្រ្តាចារ្យ ទុំ សារាវុធ បានលើកឡើងអំពីការវិវត្តជាក់ស្តែង នៅក្នុងការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យស្វាយរៀង និងបានបញ្ជាក់ធ្ងន់អំពីតម្រូវការអភិវឌ្ឍក្នុងជំនាញ ដើម្បីឲ្យនិស្សិតទាំងអស់បានត្រៀមរៀបចំលក្ខណៈសម្បត្តិផ្ទាល់ខ្លួន ឈានឆ្ពោះទៅចាប់អាជីពក្នុងជំនាញវិជ្ជាជីវៈដែលបានជ្រើសរើសសិក្សានៅសាកលវិទ្យាល័យ ឲ្យស្របតាមបរិបទរីកចម្រើនឥតឈប់ឈរនៃសេដ្ឋកិច្ច និងសង្គម។

លោក នៅ រតនា ប្រធានសមាគមគណនេយ្យករជំនាញ ACCA ប្រចាំកម្ពុជា បានធ្វើបទបង្ហាញអំពី កម្មវិធីសិក្សាគោលជំនាញគណនេយ្យរបស់ ACCA ដែលមានលក្ខណៈស្តង់ដារទទួលស្គាល់ដោយចក្រភពអង់គ្លេស និងបណ្តាប្រទេសចំនួន ១៧៨ នៅជុំវិញពិភពលោក និងវិធីសាស្រ្តក្នុងការសិក្សាជំនាញវិជ្ជាជីវៈគណនេយ្យស្តង់ដារ ដើម្បីទទួលបានភាពជោគជ័យ ព្រមទាំងឱកាសការងារក្នុងវិស័យនេះ។

តាមរយៈសិក្ខាសាលា ក៏មានរៀបចំជាវេទិកាតុមូល ពិភាក្សាអំពី បទពិសោធន៍ជាក់ស្តែងនៃការសិក្សា និងឱកាសការងារក្នុងវិជ្ជាជីវ:គណនេយ្យនេះ ដោយមានការចូលរួមពី វាគ្មិនកិត្តិយស អញ្ជើញមកពីក្រុមហ៊ុន Digital Finance Consultancy (DFC) មានលោក សាយ សុខហេង ជានាយកប្រតិបត្តិ និងសហការី កញ្ញា វីរៈ បូរមី, តំណាងក្រុមហ៊ុន DKSH កញ្ញា ស្រេង មិនា, តំណាងក្រុមហ៊ុន Heineken (Cambodia) Ltd លោក ផាន់ ដារ៉ាស៊ី ដែលកិច្ចពិភាក្សានេះ បានចូលរួមចំណែកជាច្រើនដល់អ្នកចូលរួម បានសិក្សាស្វែងយល់ និងបានលើកជាសំណួរ យោបល់ ដើម្បីបានទទួលចំណេះដឹង បទពិសោធន៍ លើដំណើរឈានឆ្ពោះទៅចាប់អាជីព ក្នុងវិជ្ជាជីវៈគណនេយ្យ៕