(ភ្នំពេញ)៖ សាលាញូវហ្គេតវ៉េអន្ដរជាតិ (New Gateway International S chool) នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំពិធីចែកវិញ្ញាបនបត្រ Cambridge Checkpoint and HSK Certificate ដល់សិស្សានុសិស្សប្រមាណជិត  ២០០នាក់ ដែលជាសិស្សពូកែនៅក្នុងថ្នាក់ ។

ពិធីចែកវិញ្ញាបនបត្រ Cambridge Checkpoint and HSK Certificate ធ្វើឡើងក្រោមវត្តមាន ឧញ៉ា ប៊ុន ណារី អគ្គនាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ។

លោក Mark Lynch  ចាងហ្វាងរងនៃសាលាញូវហ្គេតវ៉េអន្ដរជាតិ បានឱ្យដឹងថា Cambridge Checkpoint គឺជាវិញ្ញាបនបត្រដែលវាស់ពីកម្រិតសមត្ថភាព ភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្រ្ត  របស់សិស្សចាប់ពីថ្នាក់ទី៦ដល់ថ្នាក់ទី៩។

លោកបានថ្លែងអបអរសាទរចំពោះសិស្សានុសិស្សទាំងអស់ដែលបានទទួលវិញ្ញាបនបត្រនៅថ្ងៃនេះ ដែលបង្ហាញពីសមត្ថភាព និងភាពជោគជ័យមួយសម្រាប់ពួកគេ  ព្រោះសិស្សានុសិស្សដែលទទួលបានវិញ្ញាបនបត្រ នេះ គឺទទួលបានពិន្ទុលើសពីកម្រិតដែលអន្តរជាតិបានកំណត់ទាំងភាសាអង់គ្លេស  គណិតវិទ្យា និងវិទ្យាសាស្រ្ត។

លោកគូសបញ្ជាក់បន្តថា«យើងទទួលបានលទ្ធផលនៅថ្ងៃនេះ ដោយសារទី១គឺសាលាមានកម្មវិធីសិក្សាច្បាស់លាស់ ហើយសិស្សរបស់យើងគឺគាត់ត្រូវខំរៀនឱ្យពូកែ ហើយមួយទៀតនៅក្នុងថ្នាក់រៀនយើងមានកម្មវិធីរៀនបីភាសា ដូច្នេះពួកគាត់ត្រូវតែខិតខំរៀនឱ្យក្លាយពូកែ ដើម្បីយើងប្រកួតប្រជែងនូវកម្រិតសញ្ញាបត្រអន្តរជាតិ។ ណាមួយទៀតយើងមានសម្ភារឧបទ្ទេស និងការរៀនបែប Active learning គឺរៀនបែបសកម្មនៅក្នុងថ្នាក់ដែលជំរុញឱ្យគាត់ចូលចិត្តរៀន និងចង់រៀនកាន់តែខ្លាំង»។

យុវសិស្ស សេង យ៉ាទីន និងតាំង ឈុនលីម ដែលទទួលបានវិញ្ញាបនបត្រ Cambridge Checkpoint and HSK បានបង្ហាញអារម្មណ៍រីករាយដែលខ្លួនទទួលបានវិញ្ញាបនបត្រនេះ ដោយសារការខិតខំប្រឹងប្រែងរៀនសូត្រ ស្របពេលដែលសាលាមានកម្មវិធីសិក្សាល្អ ដែលជំរុញសិស្សមានសមត្ថភាពសិក្សា កាន់តែខ្លាំង។

គួរបញ្ជាក់ថា សាលាញូវហ្គេតវ៉េអន្តរជាតិ ជាគ្រឹះស្ថានសិក្សាផ្តល់ជូនកម្មវិធីសិក្សា រួមមានចំណេះដឹង កម្មវិធីសិក្សាចំណេះដឹងទូទៅខ្មែរ ភាសាអង់គ្លេស ភាសាចិន និងកម្មវិធីវិទ្យាសាស្រ្តកុំព្យូទ័រ កម្មវិធីសិក្សាពេញមួយថ្ងៃ ចាប់ពីថ្នាក់មតេយ្យ បឋមសិក្សា ថ្នាក់ទី១ ដល់ថ្នាក់ទី៦ និងមធ្យមសិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។

ចំណែកកម្មវិធីសិក្សាភាសាអង់គ្លេស វិទ្យាសាស្រ្ត និងគណិតវិទ្យា ក្នុងនោះ សាលាក៏មានបន្ថែមជូននូវការសិក្សា នៅតាមបណ្ណាល័យ ការអង្កេតក្រៅថ្នាក់ និងការធ្វើ Project ជាដើម។

សាលាញូវហ្គេតវ៉េអន្ដរជាតិ មានទទួលចុះឈ្មោះសិស្សចូលរៀនជារៀងរាល់ថ្ងៃ​៕