(ព្រៃវែង)៖ លោក អុីវ លាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងកុដិ នៅវត្តធម្មនិមិត្ត ហៅវត្តថ្មទឹកដាច់ ស្ថិតក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដើម្បីដាក់ឲ្យព្រះសង្ឃប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។

លោក សឿង សុជាតិ អភិបាលស្រុកកញ្ជ្រៀច បានឲ្យដឹងថា បន្ទាប់ពីប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស វិស័យធម្មការ និងសាសនានៅក្នុងស្រុករបស់លោកមានការរីកចម្រើនគ្រប់វត្ត ដោយទូទាំងស្រុកកញ្ជ្រៀចមានវត្តសរុបចំនួន៣៥វត្ត មានព្រះសង្ឃចំនួន៣១០អង្គ ភិក្ខុ ៦៩អង្គ សាមណេរ២៤១អង្គ មានសាលាពុទ្ធិកសិក្សា ១កន្លែង មានសាមណៈសិស្សសរុប៣១អង្គ។

ដោយឡែកនៅ ក្នុងវត្តធម្មនិមិត្ត ហៅវត្តថ្មទឹកដាច់នេះ ក៏មានការរីកចម្រើនគួរកត់សម្គាល់រួមមាន ព្រះវិហារ កុដិ បន្ទប់ទឹក អណ្តូងទឹក របងព័ទ្ធជុំវិញវត្ត ក្លោងទ្វារជាដើម ដែលសមិទ្ធផលទាំងនេះកើតឡើងដោយសារមានការចូល រួមចំណែកកសាងពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជនជិតឆ្ងាយ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។

លោកអភិបាលស្រុកកញ្ជ្រៀច បានបន្តថា ចាប់ពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ព្រះ គ្រូចៅអធិការ រួមជាមួយលោកអាចារ្យ គណៈកម្មការវត្ត បានដឹកនាំកសាងនូវសមិទ្ធផលថ្មីៗដែលត្រូវធ្វើ ពិធីសម្ពោធដាក់ឲ្យនាពេលនេះរួមានកុដិចំនួន ២ខ្នង ១ខ្នងសាងសង់អស់បច្ច័យចំនួន ៧២,០០០ដុល្លារ និង១ខ្នងទៀតសាងសង់អស់បច្ច័យចំនួន ៤៥,០០០ដុល្លារអាម៉េរិក ដោយការកសាងកុដិទាំង២ខ្នងនេះឡើងគឺមានការចូលរួមពីសម្តេចក្រឡាហោម ស ខេង និងក្រុមការងារចុះជួយមូលដ្ឋាន ព្រមទាំងសប្បុរសជនជិតឆ្ងាយ ដោយសរុបថវិកាក្នុងការសាងសង់កុដិទាំង២ខ្នងនេះមានចំនួន ១១៧,០០០ដុល្លារ។

ក្នុងឱកាសនេះ លោក អុីវ លាង បានថ្លែងថា ជាការពិតដោយសារកត្តានៃសុខសន្តិភាពពេញផ្ទៃប្រទេសក្រោម នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍនៅលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ ដែលព្រះពុទ្ធសាសនានៅកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

លោកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរចំពោះការចូលរួមចំណែកពីគ្រប់ទិសទី របស់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងប្រជាពុទ្ធបរិស័ទជិត ឆ្ងាយក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឲ្យទទួលបាននូវការរីកចម្រើនដូចសព្វថ្ងៃក្រោមម្លប់នៃ សុខសន្តិភាព និងការបែងចែកផ្លែផ្កានៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

លោក អុីវ លាង បានជំរុញឲ្យអាជ្ញាធរដែនដីបង្កើននូវការយកចិត្តទុកដាក់ខ្ពស់ បន្ថែមទៀតក្នុងការថែរក្សាសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីផ្តល់នូវការរស់នៅប្រកបដោយក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណាឲ្យភូមិ ឃុំ ស្រុក ខេត្ត ជាកន្លែងប្រកបដោយ សន្តិសុខ សណ្តាប់ធ្នាប់ គ្មានអំពើចោរឆក់ ចោរលួច ចោរប្លន់ គ្មានក្មេងទំនើង គ្មានល្បែងសុីសងគ្រប់ប្រភេទ គ្មានការជួញដូរ និងគ្មានការប្រើប្រាស់គ្រឿងញៀនជាដើម ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ដែលប្រកបដោយភាពស្វាហាប់ និងប្រកបដោយថាមពល៕