(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងសមាជិក នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៉ីវិល និងអង្គការ-សមាគមទាំង១៨ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះទង្វើគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលធ្វើឡើងដោយ គណបក្សភ្លើងទៀន។

ថ្នាក់ដឹកនាំ និងសមាជិក នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៉ីវិល និងអង្គការ-សមាគមទាំង១៨ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លេខ ០០២ គ.ជ.ប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងសេចក្តីថ្លែងការណ៍ របស់ក្រសួងមហាផ្ទៃ លេខ០០៤ សប្រក ចុះថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីធានាបាននូវការអនុវត្តសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ តាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធានាបាននូវនិរន្តរភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសធានាបាន នូវដំណើរការបោះឆ្នោតទៅយ៉ាងរលូនដោយពុំមានការគំរាមកំហែង បំភិតបំភ័យ។