(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលតែងតែធ្វើឡើងជា រៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈនេះ។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពិធីចាប់ត្រីនេះ ធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការផ្តួចផ្តើមពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ក្នុងគោលបំណង ដើម្បីរំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយជួបជុំជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។

គូសបញ្ជាក់ថា ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកម្សាន្ដ ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ដូចជា៖

* លេខ១ ទទួលបានថវិកាចំនួន ៥០០,០០០រៀល
* លេខ២ ទទួលបានថវិកាចំនួន ៤០០,០០០រៀល
* លេខ៣ ទទួលបានថវិកាចំនួន ៣០០,០០០រៀល
* លេខ៤ ទទួលបានថវិកាចំនួន ២០០,០០០រៀល
* លេខ៥ ទទួលបានថវិកាចំនួន ១០០,០០០រៀល
* លេខ៦ ដល់លេខ១០ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ព្រមទាំងចែកជូននូវនំបញ្ចុកសម្លខ្មែរ និងត្រីស្រស់ ចំនួន៣០០គីឡូក្រាម ដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមនាកម្មវិធីនេះផងដែរ។

សូមជម្រាបថា តំបន់បឹងក្រម មានផ្ទៃដីប្រមាណ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ដោយរៀងរាល់ឆ្នាំ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រី ក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រី។ ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រកជាដើម៕