(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបជនបរទេស២នាក់ ដែលផលិតវីដេអូញុះញង់បំភ័ន្ដការពិត បង្កឲ្យមានការវឹកវរ ជះឥទ្ធិពលដល់បញ្ហាសន្ដិសុខនៅក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុផ្ទាល់តែម្ដង។

បើតាមលោក ហ៊ុន ម៉ានី, ចំពោះវិធានការម៉ឺងម៉ាត់ក្នុងការបង្រ្កាបបទល្មើសទាំងអស់នេះ ដើម្បីជាសារព្រមាន ដោយមិនអនុញ្ញាតឲ្យមានអំពើទុច្ចរិតបែបនេះត្រូវបានប្រព្រឹត្តនៅអនាគត មិនថាប្រព្រឹត្តដោយជនបរទេសពីប្រទេសណាមួយនោះទេ។ លោកយល់ឃើញថា ការផលិតវីដេអូញុះញង់នេះ ជាការរៀបចំសេណារីយោថត ក្នុងការមួលបង្កាច់នូវអ្វីដែលជាស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលកំពុងមានភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព។

តាមរយៈទំព័រ Facebook លោក ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖

«កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ បានបង្រ្កាបជនបរទេស ២នាក់ដែលបានផលិតមាតិកាវីដេអូ ក្នុងគោលបំណងញុះញង់ បំភ័ន្តមតិសាធារណជន អំពីបញ្ហាសន្តិសុខ នៅព្រះរាជាណាចក្រកម្ពុជា។ នេះជាការរៀបចំសេណារីយោថត ដែលមានចេតនាទុច្ចរិតសុទ្ធសាធ របស់ជនបរទេសទាំង២នេះ ក្នុងការមួលបង្កាច់នូវអ្វីដែលជាស្ថានភាពជាក់ស្តែង នៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព។

ទង្វើទាំងអស់នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចអត់ឱនឲ្យបានឡើយ។ ខ្ញុំសង្ឃឹមថា នឹងមិនមានអំពើបែបនេះកើតឡើងសារជាថ្មីម្តងទៀតនោះទេ។

ខ្ញុំសូមគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះវិធានការម៉ឺងម៉ាត់ ក្នុងការបង្រ្កាបបទល្មើសទាំងអស់នេះ ដើម្បីជាសារព្រមាន ដោយមិនអនុញ្ញាតឱ្យមានអំពើទុច្ចរិតបែបនេះត្រូវបានប្រព្រឹត្ត នៅអនាគត មិនថាប្រព្រឹត្តដោយជនបរទេសពីប្រទេសណាមួយនោះទេ។ ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ និងមិត្តភក្តិទាំងអស់ចូលរួមទប់ស្កាត់ការចែកចាយ និងផ្សព្វផ្សាយមាតិកា ដែលមានលក្ខណៈបំភ្លៃការពិត និងមានចរិតញុះញង់ឲ្យមានការយល់ច្រលំមកលើសង្គមជាតិរបស់យើង»។

សូមជម្រាបថា សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចផ្ដន្ទាទោសជនជាតិចិនតៃវ៉ាន់ ចំនួន២នាក់ ដែលថតវីដេអូប្រឌិតរឿងចាប់បង្ខាំងធ្វើទារុណកម្ម បង្កឲ្យមានភាពវឹងវរនៅក្នុងសង្គម ដោយដាក់ពន្ធនាគារម្នាក់២ឆ្នាំ និងពិន័យជាប្រាក់ម្នាក់៤លានរៀល ពីបទ ញុះញង់បង្កឲ្យមានភាពវឹងវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

បុគ្គលទាំងពីរ នាក់នេះ បានចូលមកប្រទេសកម្ពុជា ក្នុងគោលបំណងផលិតវីដេអូបំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅអគារមួយ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បុគ្គលទាំងពីររូបខាងលើ បានថតសំដែង ផ្សាយផ្ទាល់ចេញពីគណនី Facebook ឈ្មោះ WA AN XIAO JI ដែលមានសកម្មភាព ត្រូវបានសន្តិសុខចាប់ខ្លួន និងវាយដំ៕