(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី បេក្ខជនពេញសិទ្ធជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រចាំភូមិភាគទី៨ បានលើកឡើងថា​ តាមរយៈលទ្ធផលបោះឆ្នោតសាកល្បង ១០០% បានឆ្លុះបញ្ចាំងពីលទ្ធផលជាក់ស្ដែងនៃការបោះឆ្នោត​ជ្រើសរើសសមាជិកព្រឹទ្ធសភា នីតីកាលទី៥ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ ២០២៤ ខាងមុខនេះ។

លោកស្រី ឃួន ឃុនឌី បានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានី តិកាលទី៥ នៅទីស្នាក់ការគណបក្សស្រុកសន្ទុកខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងពិធីយុទ្ធនាការបោះឆ្នោតនេះ លោកស្រីបានលើកឡើងពីសេចក្តីថ្លែងការណ៍លេខ ០០២ គជប របស់ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងសេចក្តីប្រកាសព័ត៌មានលេខ ០០៤ សប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ដល់សមាជិកសមាជិកាដែលជាអង្គបោះឆ្នោត ដោយបង្ហាញពីគោលជំហរ និងគាំទ្រនៅសេចក្តីសម្រេចនេះយ៉ាងពេញទំហឹង ព្រមទាំងប្រឆាំងដាច់ខាតនៅរាល់សកម្មភាពទាំងឡាយណាជាការគំរាមកំហែង បំភិតបំភ័យដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកបោះឆ្នោត និងបង្កឱ្យមានចលាចលកើតឡើង និងផ្ទុយពីលក្ខន្តិកៈនិងលិខិតបទដ្ឋានគតិយុទ្ធរបស់ គ.ជ.ប និងក្រសួងមហាផ្ទៃបានកំណត់។

លោកស្រី ឃួន ឃុនឌី សំណូមពរឱ្យអង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមខ្លួន និងឯករៀបចំសារពាក់ព័ន្ធនានាឱ្យបានរួចរាល់ព្រមទាំងថែទាំសុខភាព សុវត្ថិភាពឱ្យបានល្អ ហើយលោកស្រីសង្ឃឹមថានឹងទទួលបានជ័យជំនះ១០០%៕