(កណ្តាល)៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារត្រួតពិនិត្យ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងល្បែងផ្សងសំណាងនានា ក្នុងភូមិសាស្ត្រស្រុកល្វាឯម។ កិច្ចប្រជុំនេះមានការចូលរួមពីគណៈអភិបាលស្រុក មេបញ្ជាការកងកម្លាំងទាំង៣ របស់ស្រុក មេឃុំ និងនាយប៉ុស្តិ៍នរគបាលទាំង១០។

លោកអភិបាលរងខេត្ត បានណែនាំដល់អង្គប្រជុំឱ្យយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការបញ្ចប់ការបើកបន្ថែមនូវល្បែងផ្សងសំណាងនានា និងបង្ក្រាបឱ្យខាងតែបាននូវរាល់ទីតាំងល្បែងស៊ីសងទាំងអស់ ក្នុងភូមិសាស្ត្រស្រុក។

លោក​បានគូសបញ្ជាក់ថា ជាមួយគ្នាត្រូវគ្រប់គ្រងឱ្យបាននូវទីតាំងល្បែងផ្សងសំណាង ដែលមានការអនុញ្ញាត និងអាជ្ញាបណ្ណត្រឹមត្រូវ ដែលមានស្រាប់ ជៀសវាងការបើកថ្មីបន្ថែម ដោយសារពេលវេលានេះ និងបន្តទៅមុខទៀត គឺយើងត្រូវយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ការបង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនចំណូល ពុំមែនជាពេលដែលត្រូវពង្រាយល្បែងផ្សងសំណាងនោះទេ។

លោកអភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងល្បែងផ្សងសំណាងមួយចំនួន ក្នុងភូមិសាស្ត្រស្រុកល្វាឯម ដើម្បីពិនិត្យមើលអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតនានា។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។

ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើក ថ្មីៗទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕