(ភ្នំពេញ)៖ លោក ងី មានហេង ត្រូវបានតែងតាំងជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជំនួស លោក សុខ សុគន្ធ ដែលត្រូវតែងតាំងជាអគ្គនាយករងបច្ចេកទេស ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ។
ពិធីតែងតែ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល ថ្មី បានប្ដេជ្ញាចិត្តថា «ខ្ញុំបាទគោរព និងអនុវត្តន៍តាម ផែនការយុទ្ធសាស្ត្រជាតិសុខាភិបាល និងគោលនយោបាយ របស់រាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ហើយត្រូវបន្តអនុវត្តន៍សកម្មភាពចំបងរួមមាន ការផ្ដល់សេវាពិនិត្យផ្ទៃពោះមានគុណភាព សម្រាលកូនដោយសុវត្ថិភាព ការចាក់ថ្នាំបង្ការ ការអប់រំសុខភាព។ល។»។
លោកប្រធានមន្ទីរសុខាភិបាល បានបន្តថា ចូលរួមអនុវត្តន៍សុខុមាលភាពរាជធានីភ្នំពេញ បន្តកិច្ចសហការល្អជាមួយ អាជ្ញាធរដែនដី ពង្រឹងសាមគ្គីភាពផ្ទៃក្នុងដោយធ្វើការជាក្រុម និងពង្រឹងបន្ថែមជំនាញ សមត្ថភាពបច្ចេកទេស ដល់មន្ត្រីសុខាភិបាលតាមរយៈការបណ្ដុះបណ្ដាលបន្ត។
សូមបញ្ជាក់ថា លោក សុខ សុគន្ធ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទូរស័ព្ទទៅកាន់ស្ថានីយវិទ្យុ ABC ដោយបានប្រកាសដកតំណែង បន្ទាប់ពីរូបលោកបានទៅចាប់រថយន្ដសង្គ្រោះ របស់ស្ថានីយវិទ្យុមួយនេះ ពេលកំពុងដឹងភេសជ្ជៈ ចែកចាយក្នុងរាជធានីភ្នំពេញ ហើយត្រូវបានតែងតាំងជា អគ្គនាយករងបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល វិញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ៕