(ភ្នំពេញ)៖ ភោជនីយដ្ឋានជប៉ុន វ៉ាឃ្យូ សៃតូ (Wagyu Saito) ដែលជាភោជនីយដ្ឋានលំដាប់លេខ១របស់ប្រទេសជប៉ុនបានបើកដំណើរការនៅភ្នំពេញជាផ្លូវការហើយ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ដើម្បីបម្រើជូនភ្ញៀវជាតិ និងអន្តរជាតិ នូវអាហារដែលមានគុណភាពនិងរសជាតិដូចនៅជប៉ុន ដោយភោជនីយដ្ឋាននេះប្រើសាច់ Wagyu លំដាប់កំពូលដែលមានប្រភពមកពីប្រទេសជប៉ុន។
Wagyu Saito Restaurant Group មានភោជនីយដ្ឋានសំខាន់របស់ខ្លួននៅទីក្រុងតូក្យូ ហើយត្រូវបានគេស្គាល់ថាជាភោជនីយដ្ឋានដែលជាទីចិត្តរបស់នាយករដ្ឋមន្ត្រីជប៉ុនផងដែរ។
លោក Saito ដែលជាម្ចាស់ភោជនីយដ្ឋានវ៉ាឃ្យូសៃតូ បានឱ្យដឹងថា អ្វីដែលជំរុញឱ្យលោកមកវិនិយោគបើកភោជនីយដ្ឋាននៅទីក្រុងភ្នំពេញដោយសារភាពរីកចម្រើននៃទីក្រុងភ្នំពេញ និងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ជាបន្តបន្ទាប់ ហេតុដូច្នេះហើយ ទើបលោកសម្រេចមកវិនិយោគភោជនីយដ្ឋាននេះ ដើម្បីនាំយកនូវប្រភេទម្ហូបពិសេសពីប្រទេសជប៉ុនដែលមានរសជាតិឆ្ងាញ់ សម្រាប់ប្រជាជនកម្ពុជា ប្រជាជនជប៉ុនដែលកំពុងរស់នៅកម្ពុជា និងភ្ញៀវទេសចរបរទេស។ ម្ហូបពិសេសប្រចាំហាងនេះ គឺYakiniku និងស្ទេក ដោយហាងនេះបានជ្រើសរើសនិងនាំចូលសាច់គោ Wagyu លំដាប់កំពូលពីប្រទេសជប៉ុនតែមួយប្រភេទគត់ ដោយផ្ដល់ជូនវាក្នុងតម្លៃសមរម្យ ហើយសង្ឃឹមថាប្រជាជនកម្ពុជាជាច្រើន និងរីករាយជាមួយ Wagyu លំដាប់កំពូលនេះ។
លោក Saito បានមកទស្សនាកម្ពុជាដំបូងកាលពីឆ្នាំ២០០៥ ហើយសង្កេតឃើញថា ម្ហូបជប៉ុនជាច្រើនប្រភេទដែលប្រជាជនកម្ពុជាបានស្គាល់ ប៉ុន្តែនៅមានម្ហូបជប៉ុនឆ្ងាញ់ៗជាច្រើនទៀត ដែលពលរដ្ឋកម្ពុជាមិនទាន់ស្គាល់ ហេតុនេះហើយទើបលោកចង់នាំយកម្ហូបជប៉ុនទាំងនោះឱ្យប្រជាជនកម្ពុជាបានស្គាល់។
ក្នុងឱកាសចូលរួមពិធីសម្ពោធភោជនីយដ្ឋានជប៉ុន វ៉ាឃ្យូសៃតូ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ បានថ្លែងអបអរសាទរចំពោះការបើកដំណើរការនៃភោជនីយដ្ឋានជប៉ុន វ៉ាឃ្យូសៃតូ ដែលជាភោជនីយដ្ឋានមួយចម្អិនម្ហូបតាមបែបស្តង់ដារជប៉ុន។ លោករំពឹងថានឹងមានការគាំទ្រពីប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជា។
ភោជនីយដ្ឋានជប៉ុន វ៉ាឃ្យូសៃតូ មានទីតាំងនៅអគារ Unit F3-01 ជាន់ទី៣ ផ្ទះលេខ៣១៣ ផ្លូវព្រះស៊ីសុវត្ថិ មាត់ទន្លេ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕