(ភ្នំពេញ)៖ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមណែនាំដល់ប្រធានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងប្រធានគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) ដូចខាងក្រោម៖

១៖ អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត

*ក៖ អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត ត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យបោះឆ្នោត និងបរិវេណខាងក្នុងនូវជនទាំងឡាយដូចខាងក្រោម៖

- មន្រ្តីបោះឆ្នោតដែលបានទទួលការតែងតាំងពី គ.ជ.ប
- ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដែល បានអនុញ្ញាតហើយមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គធ.ខប
- អ្នកសង្កេតការណ៍ដែលមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប ឬដោយ គធ.ខប
- អ្នកសារព័ត៌មានដែលមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប
- អ្នកដែលមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ
- ជនដែលអមដំណើរអ្នកបោះឆ្នោតជាជនមានពិការភាព តាមលក្ខខណ្ឌដូចមានចែងក្នុង ច.ប.ត.​រ
- ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះនៅពេលដែលប្រធាន គ.ក.ប ធ្វើសំណូមពរក្នុងករណីចាំបាច់។

*ខ៖ អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោតត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងនូវជនទាំងឡាយដូចខាងក្រោម៖

- មន្រ្តីរាប់សន្លឹកឆ្នោត ដែលបានទទួលការតែងតាំងពី គ.ជ.ប
- ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដែលបានអនុញ្ញាត ហើយមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គធ.ខប
- អ្នកសង្កេតការណ៍ដែលមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប ឬដោយ គធ.ខប
- អ្នកសារព័ត៌មានដែលមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប
- ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះនៅពេលដែលប្រធាន គ.ក.រ ធ្វើសំណូមពរក្នុងករណីចាំបាច់។

២៖ អ្នកដែលមិនមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងនូវជនទាំងឡាយដែលមិនស្ថិតក្នុងចំណុចទី១ ខាងលើរួមទាំង៖ សមាជិកព្រឹទ្ធសភា តំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សនយោបាយគ្រប់លំដាប់ថ្នាក់អាជ្ញាធរដែនដី អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ លើកលែងតែតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ។

៣៖ អំពីកិច្ចសហការ និងការអនុវត្តគធ .ខប និង គ.ក.ប/គ.ក.រ ត្រូវសហការជាមួយកម្លាំងសន្តិសុខបោះឆ្នោតតាមមណ្ឌលបោះឆ្នោត និងតាមការិយាល័យនីមួយៗរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

គធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកបោះឆ្នោត និងអង្គបោះឆ្នោត ដែលជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ៕