(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនក្មេងទំនើងប្រុសស្រីចំនួន ៤០នាក់ យកមកអប់រំ ក្នុងនោះមានចំនួន ៨នាក់ ជាប់សារធាតុញៀន ត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តនីតិវិធី នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ ចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត បានប្រទះឃើញក្រុមក្មេងទំនើង បង្កើតជាក្រុម បក្សពួក ប្រមូលផ្ដុំគ្នាផឹកស៊ីតាមបណ្ដោយផ្លូវ និងជុំវិញកន្លែងកម្សាន្តផ្សេងៗ កម្លាំងបានចុះត្រួតពិនិត្យឆែកឆេរ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន៤០នាក់ និងធ្វើតេស្តទឹកនោម។

មន្ត្រីអាវុធហត្ថក្រុង បានបញ្ជាក់ថា ក្រោយពីធ្វើតេស្តទឹកនោមលើក្មេងទំនើងទាំង៤០នាក់ ឃើញជាប់សារធាតុញៀនចំនួន ៨នាក់ បានកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តនីតិវិធីទៅតាមច្បាប់។ ចំណែកក្មេងទំនើង ៣២នាក់ទៀត ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងជំនាញធ្វើកិច្ចសន្យា អប់រំណែនាំ និងឱ្យអាណាព្យាបាលធានាត្រលប់ទៅលំនៅដ្ឋានវិញ ដើម្បីអប់រំបន្ត៕