(ភ្នំពេញ)៖ ប្រធានផ្សារមង្គល និងក្រុមអាជីវករ ដែលបានប្តូរពីការលក់តាមចិញ្ចើមផ្លូវជាតិលេខ៤ មកលក់ដូរក្នុងផ្សារមង្គល បានអំពាវនាវឱ្យអាជីវករមួយចំនួនដែលនៅបន្តលក់បន្លែ ត្រីសាច់ នៅលើចិញ្ចើមផ្លូវលេខជាតិ៤នៅមុខវិទ្យាល័យជម្ពូវ័ន និងសាលាបឋមសិក្សាជម្ពូវ័ន ឱ្យមកលក់ដូរជុំគ្នា នៅក្នុងផ្សារមង្គលទាំងអស់គ្នា ខណៈម្ចាស់ផ្សារបានអនុញ្ញាតឱ្យអាជីវករទាំងអស់ លក់ដូរដោយមិនបង់ថ្លៃតូប និងភាស៊ីប្រចាំថ្ងៃ ចាប់ពី៣ទៅ៦ខែ។

ការលើកឡើងរបស់ក្រុម អាជីវកម្មទាំងនោះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខណ្ឌកំបូល បានហាមឱ្យមិនមានអាជីវករ លក់បន្លែ ត្រីសាច់ តាមចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាជម្ពូវ័ន ពេលយប់បន្តទៀត ដោយមានអាជីវករមួយចំនួនបានប្តូរមកលក់ក្នុងផ្សារមង្គល ដែលមានទីតាំងនៅក្បែរនោះ។ តែយ៉ាងណានៅតែមានអាជីវករមួយចំនួន នៅតែបន្តលក់ដូរនៅតាមចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាជម្ពូវ័នដដែល។

ក្រុមអាជីវករដែលធ្លាប់លក់បន្លែ តាមចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាជម្ពូវ័នពេលយប់ ហើយប្តូរមកលក់ដូរ បន្លែ ត្រីសាច់ ក្នុងផ្សារមង្គល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការលក់ដូរ ក្នុងផ្សារមង្គល គឺមានភាពងាយស្រួល ដោយម្ចាស់ផ្សារបានរៀបចំតូប មានដំបូលត្រឹមត្រូវ មានបង្គន់អនាម័យ ផ្លូវមានភាពទូលំទូលាយ ងាយស្រួលដល់ការលក់ និងការដើរទិញរបស់អតិថិជន ដោយមិនបារម្ភខ្លាចមានគ្រោះថ្នាក់ និងត្រូវក្រុមសណ្ដាប់ធ្នាប់ខណ្ឌ ដេញដូចមុនឡើយ។ ហេតុដូច្នេះហើយ ពួកគេ អំពាវនាវដល់អាជីវករ ដែលបន្តលក់បន្លែតាមចិញ្ចើមផ្លូវជាប់របងសាលាបឋមសិក្សាជម្ពូវ័ន ពេលយប់ មកលក់នៅក្នុងផ្សារមង្គលទាំងអស់គ្នា ដើម្បីឱ្យដំណើរការអាជីវកម្មល្អទាំងអស់គ្នា។

ផ្សារមង្គល គឺជាផ្សារដែលមានបោះដុំ និងលក់រាយ នូវបន្លែ ត្រីសាច់គ្រប់ប្រភេទ។ ផ្សារនេះ មានទីតាំងស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានចម្ងាយប្រហែល៣ គីឡូម៉ែត្រ ពីស្ពានក្រវ៉ាត់ក្រុងខ្សែទី៣។

លោក ហំ សំណាង ប្រធានផ្សារមង្គល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ផ្សារមង្គល បានបើកដំណើរការចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដែលមានតូបសរុបប្រមាណ៥២០តូប។ ក្នុងរយៈពេល២ខែមកនេះ មានអាជីវករមួយចំនួនបានមកលក់ជាបន្តបន្ទាប់ ។មកទល់បច្ចុប្បន្ននេះ មានអាជីវករចូលលក់ដូរ ប្រមាណជាង៤០០តូបហើយ ដែលសល់ប្រមាណជាង១០០តូបទៀតប៉ុណ្ណោះ។

លោកបានឱ្យដឹងថា ការបើកដំណើរការផ្សារនេះឡើង គឺដោយសារមើលឃើញពីបញ្ហាប្រឈម និងភាពលំបាករបស់អាជីវករដែលលក់ដូរ នៅតាម ចិញ្ចើមផ្លូវជាតិលេខ៤ នៅមុខវិទ្យាល័យជម្ពូវ័ន មានភាពអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ និងប្រឈមនូវគ្រោះជាយថាហេតុ។

លោកលើកទឹកចិត្តដល់ អាជីវករទាំងអស់ ប្តូរមកលក់ដូរនៅក្នុងផ្សារមង្គលទាំងអស់គ្នា ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈនៅលើផ្លូវជាតិលេខ៤ ជាពិសេសនៅមុនសាលារៀនតែម្តង ដោយ ផ្សារមង្គល បានអនុញ្ញាតឱ្យអាជីវករលក់២៤ម៉ោងក្នុងមួយថ្ងៃ និងមិនមានការបង់ថ្លៃតូបចាប់ពី ៣ខែ ទៅ៦ខែ។

គួរជម្រាបផងដែរថា នាពេលថ្មីៗនេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌកំបូល បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ តាមបណ្ដោយផ្លូវជាតិលេខ៤ និងហាមមិនឱ្យអាជីវករលក់ដូរនៅមុខវិទ្យាល័យ ជម្ពូវ័ន និងសាលាបឋមសិក្សា ជម្ពូវ័ន ទៀតឡើយ៕