(ភ្នំពេញ)៖ នៅក្នុងថ្នាក់សិក្សាអំពីរបៀបសរសេរព័ត៌មានរបស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចុងសប្ដាហ៍នេះ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC បានលើកឡើងថា «ការសរសេររាល់ព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ត្រូវភ្ជាប់ដាច់ខាតជាមួយនឹងប្រភព និងការរកតុល្យភាពដំណឹង»

ប្រធានមជ្ឈមណ្ឌលខាងលើបានបន្ដថា ការប្រាប់ប្រភព គឺជាការបង្ហាញមួយដ៏លាក់ថា ព័ត៌មានដែលយើងបានផ្សាយ គឺជាព័ត៌មានជាក់លាក់តាមប្រភពដែលបានទទួល។ ផ្ទុយទៅវិញបើសិនជាព័ត៌មានផ្សាយមិនបានបង្ហាញ ប្រភពជាក់លាក់នឹងនាំឱ្យអ្នកតាមដានព័ត៌មានរបស់យើងសង្ស័យថា យើងជាអ្នកសារព័ត៌មាន បានប្រឌិតរឿងនោះដោយគ្មានប្រភពជាក់ស្ដែង។

លោក ម៉ារ យ៉ារិទ្ធិ បានបន្ដទៀតថា តុល្យភាពនៃដំណឹង គឺការស្វែងរកប្រភពដែលរងការរិះគន់ ឬប្រភពដែលជិតស្និទ្ធដឹង អំពីរឿងបង្ហាញសម្តីបកស្រាយតបតវិញ។ អ្នកសារព័ត៌មាន ត្រូវគេចាត់ទុកថាគឺជាមនុស្ស កណ្ដាលមួយដែលស្វែងរកព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីការផ្សាយដោយមានតុល្យភាព ត្រឹមត្រូវ។

លោកក៏បានបញ្ជាក់ថា អ្នកសារព័ត៌មាន មិនមែនជាអ្នកធ្វើអត្ថាធិប្បាយទស្សនៈរបស់ខ្លួនបញ្ចេញក្នុងកាសែត វិទ្យុ ឬតាមទូរទស្សន៍នោះទេ ព្រោះការបញ្ចេញទស្សនៈរបស់ខ្លួននោះ គឺបានប៉ះពាល់ដល់ក្រមសីលធម៌ និងធ្វើឱ្យលំអៀងនូវតុល្យភាពដំណឹង។ បើសិនជាព័ត៌មាន របស់យើងបានជួបនឹងហេតុការណ៍ ដែលត្រូវរកតុល្យភាពដំណឹងនោះហើយ គឺយើងចាំបាច់ ត្រូវធ្វើព័ត៌មានស្របតាមវិជ្ជាជីវៈ។

សូមបញ្ជាក់ថា លោក ម៉ារ យ៉ារិទ្ធិ ជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិកផងដែរ៕