(ភ្នំពេញ)៖ លោក លឿង រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានថ្លែងថា «តើបងប្អូនអាជីវករ យកលុយចំណេញមកធ្វើអី បើកំពុងបំផ្លាញសុខភាពប្រជាពលរដ្ឋ និងកំពុងបំផ្លាញសុខភាពកូនចៅខ្លួនឯង ថ្ងៃណាមួយនឹងប៉ះដល់ បងប្អូនរបស់គាត់ដែរ»។
លោកបន្ដថា ផលិតផលខ្លះដែលហួសកាលបរិច្ឆេទ បងប្អូនអាជីវករមួយចំនួនដែលអសីលធម៌ បានធ្វើការកូសលុបហើយបិទកាល បរិច្ឆេទថ្មី ដើម្បីលក់នៅលើទីផ្សារ ដែលមានការហានិភ័យខ្ពស់ ចំពោះសុខភាពរបស់ប្រជាពលរដ្ឋបងប្អូនដែលបានទិញ យកទៅ ទទួលទានដោយមិនបាន គិតគូពិចារណាឲ្យបានច្បាស់លាស់។
លោកអគ្គនាយករង ថ្លែងបែបនេះ នៅក្នុងពិធីបើកវគ្គស្ដីពី «សុវត្ថិភាពម្ហូបអាហារ និងការការពារអ្នកប្រើប្រាស់» ដែលរៀបចំឡើង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅសាលាខណ្ឌពោធិ៍សែនជ័យ ដែលមានអាជីវករ និងប្រជាពលរដ្ឋ ប្រមាណ១៥០នាក់ចូលរួម ។
លោក លឿង រដ្ឋា បានបញ្ជាក់ថា «ប្រសិនបើទំនិញខូចគុណភាពទាំងនេះ នាំចូលតាមច្រកអន្ដរជាតិ គឺមិនអាចនាំចូលបាននោះទេ ព្រោះមន្ដ្រីកាំកុងត្រូលរបស់យើង បានឈរជើងដើម្បីពិនិត្យ និងទប់ស្កាត់ មិនឲ្យនាំចូលនោះទេ។ ផ្ទុយមកវិញទំនិញដែលហួស កាលបរិច្ឆេទ និងទំនិញក្លែងក្លាយទាំងនេះ គឺសុទ្ធសឹងតែនាំចូល តាមច្រករបៀងខុសច្បាប់ ដែលហួសពីដែនសមត្ថកិច្ចរបស់មន្ដ្រី កាំកុងត្រូល ទើបធ្វើឲ្យទំនិញនេះអាចធ្វើចរាចរណ៍បាននៅក្នុងរាជធានី ខេត្ត-ក្រុង»។
លោកបន្ថែមថា ទិសដៅរបស់អគ្គនាយកដ្ឋានកាំកុងត្រូល គឺឲ្យមន្ដ្រីកាំកុងត្រូល សហការជាមួយមន្ដ្រីពាក់ព័ន្ធ ចុះធ្វើការអប់រំប្រជាពលរដ្ឋ តាមមូលដ្ឋានទាំងអស់ មិនថានៅរាជធានីភ្នំពេញ ឬក៏តាមបណ្ដាខេត្ត ស្រុក ខណ្ឌនោះទេ ដើម្បីចូលរួមទាំងអស់គ្នាទប់ស្កាត់ ការទិញ និងហូបទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ ។
ជាមួយគ្នានោះ លោកអគ្គនាយករង ក៏បានថ្លែងថា មន្រ្តីកាំកុងត្រូល ប្រៀបដូចជាវេជ្ជបណ្ឌិត មួយរូបដែរ ក្នុងការជួយព្យាបាលប្រជាពលរដ្ឋ កុំឲ្យមានជំងឺ ព្រោះថា ការចុះពិនិត្យទំនិញតាមទីផ្សារ គឺដើម្បី សុវត្ថិភាព ម្ហូបអាហារ និងការការពារអ្នកប្រើប្រាស់ ជូនប្រជាពលរដ្ឋយើង ។
លោក លឿង រដ្ឋា ក៏បានអំពាវនាវដល់អាជីវករ ពាណិជ្ជករ ដែលធ្វើពាណិជ្ជកម្ម អាជីវកម្ម មេត្តាបន្តកិច្ចសហការ ជាមួយសមត្ថកិច្ច នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក៏ដូចជាសមត្ថកិច្ចផេ្សងៗទៀត ដើម្បីរួមចំណែកអនុវត្ត តាមគោលការណ៍ស្តីពី សុវត្ថិភាពម្ហូបអាហារ ក្នុងស្មារតីមួយទទួលខុសត្រូវ ជាមួយសមត្ថកិច្ច ទាំងអស់គ្នាផងដែរ ៕