(កណ្តាល)៖ នាថ្ងៃសុក្រទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាលជាមួយក្មួយៗ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២២-២០២៣ និងលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ នៅក្នុងស្រុកស្អាង និងស្រុកកោះធំ នៃខេត្តកណ្តាល។

ជាលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បេក្ខជនដែលទទួលបាននិទ្ទេស A ប្រចាំស្រុកកោះធំ មានចំនួន ២០នាក់ (ស្រី១៤នាក់) ដែលជាប់ចំណាត់ថ្នាក់លេខ៣ ប្រចាំខេត្ត និងបេក្ខជននិទ្ទេស A ប្រចាំស្រុកស្អាង ចំនួន១៥នាក់ (ស្រី៩នាក់) ជាប់ចំណាត់ថ្នាក់លេខ៥ ប្រចាំខេត្ត។

លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ចំពោះលោកគ្រូ អ្នកគ្រូ លោក លោកស្រី ឪពុកម្ដាយអាណាព្យាបាល សិស្សានុសិស្សទាំងអស់ ដែលទទួលបានជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។

លោកបានលើកឡើងថា លទ្ធផលសិស្សនិទ្ទេស A និងសិស្សដែលប្រឡងជាប់ទាំងអស់ គឺជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗផ្ទាល់ និងក៏ជាស្នាដៃមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ ដែលបង្រៀនក្នុងប្រព័ន្ធអប់រំរបស់យើងផងដែរ ជាពិសេសការជួយគាំទ្រយ៉ាងពេញទំហឹងរបស់ឪពុកម្តាយ និងអាណាព្យាបាល។

លោករដ្ឋមន្រ្តី បានបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព និងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ជាក់ស្តែងការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ពេលនេះ ចំនួនសិស្សប្រឡងជាប់និទ្ទេស A មានការកើនឡើងជាលំដាប់ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់»។

បច្ចុប្បន្ននេះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូលនៃយុទ្ធសាស្ត្រ ហើយក្នុងមុំទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ដែលយកចិត្តទុកដាក់លើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាល ជំនាញបច្ចេកទេស។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រី ក៏សូមឲ្យសិស្សានុសិស្ស បន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍន៍ខ្លួនឲ្យបានខ្ជាប់ខ្ជួន ជាពិសេសតាមបរិបទសង្គមឌីជីថល និងចូលរួមធ្វើអំពើល្អដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងក្លាយជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិយើងទាំងមូលផងដែរ៕