(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការពិនិត្យទីតាំងធនធានធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពង់ធំ ដើម្បីការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទដែលរស់នៅក្នុងតំបន់ព្រៃឡង់ កុំឱ្យជនខិលខូចទៅកាប់បំផ្លាញរុករាងទន្ទ្រានយកដីអាស្រ័យផល និងបរបាញ់សត្វ មកបម្រើប្រយោជន៍របស់ខ្លួននោះឡើយ ស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធិ ស្រុកសណ្ដាន់។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានលើកឡើងថាព្រៃឡង់ ជាឈ្មោះហៅតៗគ្នា និងមានប្រភពផ្សេងៗគ្នាជាភាសាបារាំងព្រៃឡង (prey long) insitarth ព្រៃវែង (ប៉ុន្តែ ជាភាសាជនជាតិគួយវិញព្រៃឡង់ មានន័យថាព្រៃរបស់យើងទាំងអស់គ្នាព្រៃឡង់គ្របដណ្តប់ដោយព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងដ៏មានតម្លៃវាជាព្រៃចុងក្រោយបំផុតនៃប្រភេទព្រៃដ៏មានសារៈសំខាន់នៅក្នុងឧបទ្វីបឥណ្ឌូចិន។

លោកបានបន្តថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៧៤ អនក្រ.ប ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្ដីពីការបង្កើតដែនជម្រកសត្វព្រៃ ព្រៃឡង់ដែលមានផ្ទៃដីទំហំ៤៣១.៦៨៣ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

លោក ងួន រតនៈ បានអញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រព្រៃឡង់ក្នុងគោលបំណង គឺធានាឱ្យមានថែរក្សាទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌចាំបាច់ សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះក្នុងការផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

លោក ងួន រតនៈ ជំរុញលើកទឹកចិត្តដល់មន្ត្រីជំនាញប្រជាសហគមន៍ និងអាជ្ញាធរ សមត្ថកិច្ចទាំងអស់ ចូលរួមទប់ស្កាត់ និងការពារធនធានធម្មជាតិព្រៃឡង់ គ្រប់គ្រងថែរក្សា ព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ពីប្រភេទដើមឈើ និងសត្វគ្រប់ប្រភេទព្រោះព្រៃឡង់ ជាតំបន់ដែលមានតម្លៃអភិរក្សខ្ពស់វាមានប្រព័ន្ធអេកូឡូស៊ីប្លែក និងជាជម្រកសម្រាប់សត្វព្រៃ និងសត្វស្លាបដែលកំពុងរងគ្រោះថ្នាក់។ ដូច្នេះ ត្រូវថែរក្សាការពារ និងចូលរួមដាំដើមឈើទាំងអស់គ្នាឱ្យបានច្រើនដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកសិក្សាពីប្រវត្តិព្រៃឡង់ នៅក្នុងទឹកដីខេត្តកំពង់ធំ៕