(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានដាក់បទបញ្ជាឱ្យអាជ្ញាធរ រួមនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៅក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ក្នុងទូទាំងខេត្តកំពត ត្រូវត្រួតពិនិត្យ គ្រប់គ្រង និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យបានល្អប្រសើរ ហើយក្នុងករណីមិនគោរពបទបញ្ជានេះ និងត្រូវប្រឈមចំពោះមុខច្បាប់។

ការដាក់បទបញ្ជាបែបនេះរបស់លោកអភិបាលខេត្តបានធ្វើឡើងនៅក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។

នាឧកាសនោះ លោក ម៉ៅ ធនិន បានលើកឡើងថា ដោយទទួលបានបទបញ្ជាពីសម្តេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងស៊ីសង់គ្រប់ប្រភេទ ដើម្បីរិតបន្តឹងការគ្រប់គ្រងទីតាំងបើកល្បែង ឱ្យបានត្រឹមត្រូវច្បាស់លាស់នោះ លោកអភិបាលខេត្ត បានបញ្ជាត្រង់ទៅអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៅតាមបណ្តាក្រុង-ស្រុក និងឃុំ-សង្កាត់ទាំងអស់ទូទាំងខេត្ត ត្រូវយកបទបញ្ជានេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាព ហើយក្នុងករណីល្មើសបទបញ្ជា និងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់។ ម្យ៉ាងវិញទៀតក្នុងករណីមានជនណាកាង ឬនៅពីក្រោយការបើកទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនោះ អាជ្ញាធរ និងសមត្ថកិច្ចជំនាញត្រូវរាយការណ៍មកលោកផ្ទាល់។ 

លោកអភិបាលខេត្ត ក៏បានណែនាំឱ្យពិនិត្យឡើងវិញ ទៅលើការងារបទល្មើសទម្ងន់ផ្លូវ (ការដឹកទំនិញលើសទម្ងន់កំណត់) បទល្មើសស្តីពីច្បាប់ការពារធនធានធម្មជាតិជាដើម។ 

លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ បន្តគ្រប់គ្រងលើភូមិសាស្ត្រ ចំនួន៣ រួមមាន៖

*ទី១៖ សន្តិសុខសណ្តាប់ធ្នាប់
*ទី២៖ ភូមិសាស្ត្ររដ្ឋបាល
*ទី៣៖ ភូមិសាស្ត្រនយោបាយឱ្យបានកាត់តែល្អប្រសើរ៕