(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានគណៈពង្រឹងអចិន្ត្រៃយ៍ចុះជួយស្រុកកោះធំ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅស្រុកកោះធំ ខេត្តកណ្តាល ដោយបានចុះមកជួបក្រុមប្រឹក្សាឃុំ ដោយផ្ទាល់ជួបសំណេះសំណាលសួរសុខទុក្ខ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ថ្លែងក្នុងឱកាសនោះ លោក ចៅ តុល បានលើកឡើងថា ការបោះឆ្នោតនេះមានសារៈសំខាន់សូមឱ្យអង្គបោះឆ្នោតទាំងអស់ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំឱ្យមានកំហុស និងបានជំរុញឱ្យប្រធានគណបក្សស្រុក ត្រូវតែត្រួតពិនិត្យ ពិសេសនោះគឺនៅថ្ងៃទី២៤ មុនមួយថ្ងៃឱ្យបានច្បាស់លាស់ថា តើក្រុមប្រឹក្សាឃុំជាអង្គបោះឆ្នោតមានឯកសារគ្រប់គ្រាន់ហើយ ឬនៅ? ប្រសិនបើមានការខ្វះចន្លោះនឹងចាត់វិធានការដោះស្រាយជាបន្ទាន់ សំដៅធានាបានប្រសិទ្ធភាពការងារ។

លោក ចៅ តុល សំណូមពរឱ្យអង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមខ្លួន ឯកសារអត្តសញ្ញាណប័ណ្ណ ការថែទាំសុខភាព សុវត្ថិភាពឱ្យបានល្អ ដើម្បីរួមបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

លោក ចៅ តុល ក៏បានថ្លែងពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសន៍ឯក បិតាសន្តិភាព ដែលបានខិតខំកសាងប្រទេសជាតិពីបាតដៃទទេ ឱ្យមានការរីកចម្រើនដូចឃើញសព្វថ្ងៃ សេដ្ឋកិច្ចរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង។ ពិសេសរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងកាន់តែខិតខំប្រឹងប្រែងដឹកនាំកសាងប្រទេសជាតិឱ្យកាន់តែរកចម្រើនឡើង សំដៅធ្វើឱ្យ្រជាពលរដ្ឋមានសេចក្ដីសុខ មានជីវភាពកាន់តែធូរធារឡើងៗពិសេសធ្វើឱ្យកម្ពុជាក្លាយជាប្រទេសរីកចម្រើន កាន់តែមានមុខមាត់លើឆាកអន្តរជាតិ៕