(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានណែនាំដល់មន្ទីរធម្មការ និងសាសនាខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមជួយជំរុញ និងគាំទ្រក្នុងការសិក្សាស្រាវជ្រាវ ចងក្រងប្រវត្តិវត្តអារាម និងទីសក្ការៈបូជាផ្សេងៗទាំងអស់ នៅទូទាំងខេត្តព្រះវិហារ ដើម្បីជាការថែរក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី សាសនារបស់យើងសម្រាប់អ្នកជំនាន់ក្រោយ។

ការណែនាំបែបនេះរបស់លោកអភិបាលខេត្តបានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី សម្រាប់ទ្រទ្រង់មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតប៉ាលហាល ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ពីធីនេះក៏មានការនិមន្តចូលរួមពីព្រះគ្រូព្រះពុទ្ធវិហារមុនី ពុំ ម៉ាត់ ព្រះមេគណគណៈធម្មយុត្តិនិកាយ ខេត្តព្រះវិហារ និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានជ័យ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ជាមួយគ្នានេះដែរ លោក គីម រិទ្ធី ក៏បានបញ្ជាក់ពីការបន្តចូលរួមគាំទ្រមជ្ឈមណ្ឌលសិក្សាពេញមួយជីវីតប៉ាលហាលនេះ ឱ្យដំណើរការកាន់តែ មានភាពរីកចម្រើន និងធានាបាននូវនិរន្តរភាពបន្តទៀត ហើយបង្កើនកិច្ចសហការ ជាមួយអាជ្ញាធរ ក្នុងការអប់រំផ្សព្វផ្សាយ បណ្តុះទស្សនមនសិការជាតិ និងឧត្តមគតិវិជ្ជមានក្នុងការអភិរក្ស ការអភិវឌ្ឍ និងនវានុវត្ត សិល្បៈវប្បធម៌ជាតិ អប់រំអំពីសីលធម៌, គុណធម៌, និងសុជីវធម៌ ដល់សិស្ស និស្សិត និងយុវជន, ទាំងក្នុង និងក្រៅប្រព័ន្ធអប់រំ។

លោក គីម រិទ្ធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះគ្រូព្រះពុទ្ធវិហារមុនី ពុំ ម៉ាត់ ព្រះមេគណគណៈធម្មយុត្តិនិកាយខេត្តព្រះវិហារ និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យ គណៈកម្មការវត្ត ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទទាំងអស់ ដែលបានខិតខំយកអស់ព្រះកាយពល បញ្ញាញាណ និងកម្លាំងកាយចិត្ត ធនធានចូលរួមចំណែកក្នុងការកសាងឡើងនូវសមិទ្ធផលនានាជាច្រើននៅក្នុងវត្តគួរជាទីកត់សម្គាល់។

លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងការគុណដល់មន្ទីរធម្មការ និងសាសនាខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរអង្គភាព អាជ្ញាធរក្រុង សង្កាត់ និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមចំណែកក្នុងការជួយជ្រោមជ្រែង និងទ្រទ្រង់នូវដំណើរការ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតប៉ាលហាលនេះឡើង ដែលបានជួយបណ្តុះបណ្តាលជំនាញបច្ចេកទេស បំណិនជីវិត ក្រមសីលធម៌ និងកសាងធនធានមនុស្សយ៉ាងច្រើន។

លោក គីម រិទ្ធី បានបន្តថា វិស័យព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម ជាពិសេសធ្វើឱ្យសង្គមកម្ពុជាទាំងមូលមាន សុខសន្តិភាព វិបុលភាព ស្ថិរភាព រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា ជៀសផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការ ជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារសហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល និងបានរក្សានូវអត្តសញ្ញាណជាតិយ៉ាងរឹងមាំ។

លោកអភិបាលខេត្ត បានបន្ថែមថា ការជួបជុំក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ គឺប្រារព្ធធ្វើឡើងក្រោមដំបូលនៃសុខសន្តិភាព វិបុលភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត បុិនប្រសព្វ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តមរតកនយោបាយដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងការបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ៕