(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៦គោលដៅ នាយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមភូមិសាស្ត្រក្នុងក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៧០០គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន៦គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៧០០គ្រឿង ម៉ូតូ និងPassapp ចំនួន ៤០០គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម៖

*ទី១៖ ធ្វើ​តេស្ដ​ជាតិអាកុល​​ចំនួន​៥៤នាក់ រកឃេីញ​វិជ្ជ​មាន​១០នាក់ (ខ្មែរ)។
*ទី២៖ ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​ចំនួន៧៦នាក់​ រកឃេីញវិជ្ជមាន៥នាក់​ ជនជាតិ​ខ្មែរ​ (អប់រំណែនាំ​ បញ្ជូនទៅមណ្ឌលកែប្រែ)​។។
​*ទី៣៖ ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​លេីរថយន្ត​ចំនួន​ ១៨៨គ្រឿង​​ (​អាវុធ​ឆ្លងកាត់​គ្មាន)​។
*ទី៤៖ ឃាត់រក្សាទុកម៉ូតូ៤គ្រឿង​ពាក់ព័ន្ធ​​ប្រេីប្រាស់សារធាតុញៀន​១ករណី និងកែច្នៃសុីមាំងខុសបច្ចេកទេស​ និងគ្មានស្លាកលេខ​។
*ទី៥៖ ផាកពិន័យអ្នកបេីកបរម៉ូតូគ្មានមួក​សុវត្ថិភាព​ចំនួន​៦នាក់​​​ (ផាកពិន័យ​តាមគោលការណ៍​)។
*ទី៦៖ ឃាត់ខ្លួនបាន​១០នាក់​ ក្នុងនោះ​ចិន២នាក់​ និងវៀតណាម១នាក់ ករណីរក្សាទុក​ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន​ និងម្សៅក្រាមប្រភេទ​ Ferrari។

គូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញទូរទាំងខេត្តព្រះសីហនុ នឹងចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តក្រុង/ស្រុក ជាប្រចាំដោយមិនលើកលែង៕