(កំពង់ធំ)៖ ដោយមានការអនុញ្ញាតនិងប្រគល់ភារកិច្ចពីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តកំពង់ធំ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្តកំពង់ធំ ដោយមានការចូលរួមពីលោក ងួន រតនៈ ប្រធានគណបក្សខេត្តកំពង់ធំ និងលោក លោកស្រី ជាអនុប្រធានគណបក្សខេត្ត និងលោកប្រធានគណបក្សក្រុងស្រុកទាំង០៩ ប្រមាណ៣០នាក់។

កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើវឌ្ឍនភាពនៃការអនុវត្តការងារយុទ្ធនាការឃោសនាបោះឆ្នោតតាមក្រុងស្រុកទាំង០៩ ដែលឡើងរាយការណ៍ដោយប្រធានគណបក្សក្រុងស្រុក ក្នុងនោះ គណបក្សប្រជាជនកម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវតាមផែនការ និងប្រតិទិនរបស់គជប តាមរយៈការរៀបចំតុបតែងលំអរទីស្នាក់ការបក្សក្រុង ស្រុក ឃុំសង្កាត់, ការផ្លាស់ប្តូរស្លាកគណបក្ស, ការចាក់ផ្សាយសារ និងកម្មវិធីគោលនយោបាយរបស់គណបក្ស, ការចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោត។

ក្នុងនោះក៏មានការត្រៀមលក្ខណៈសម្រាប់ថ្ងៃបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការផ្សព្វផ្សាយ និងអនុវត្តសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងការធ្វើសកម្មភាពញុះញុង និងគម្រាមកំហែងដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោត ដែលនេះជាអំពើខុសច្បាស់ ហើយអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចមានភារកិច្ចចុះអនុវត្ត និងមានវិធានការតាមច្បាប់។

ទន្ទឹមនឹងនេះ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោកបណ្ឌិត ថោង ខុន ក៏បានត្រួតពិនិត្យទៅលើការងារសំខាន់ៗតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី មានដូចជា៖ ការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងការចុះបង្រ្កាប និងបិទល្បែងសុីសងនៅមូលដ្ឋានក្រុងស្រុកទាំង០៩ផងដែរ៕