(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាម្ចាស់ហាងមួយកន្លែង ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិក្រាំងដូនតី សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានផ្ទុះកំហឹងទៅវាយ ទម្លាក់ស្លាកគណបក្សសង្គ្រោះជាតិចេញ ខណ:ដែលក្រុមការងាររបស់បក្សប្រឆាំងមួយនេះ បានយកស្លាកគណបក្ស ទៅដាក់នៅមុខហាងរបស់ពួកគាត់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅពេលដែលប្រជាពលរដ្ឋ ទៅទម្លាក់ស្លាកគណបក្សខាងលើ ស្រាប់តែមន្រ្តីបក្សមួយនេះ បានរករឿងប្រជាពលរដ្ឋ ហើយគំរាមចាប់ចងទៀតផង រហូតមានការអន្តរាគមន៍ពី កម្លាំងនគរបាលមូលដ្ឋានទៅជួយដោះស្រាយ។
ក្រោយការសួរនាំរួចមក ការលើកស្លាកគណបក្សខាងលើនេះ គឺមិនមានការអនុញ្ញាតច្បាប់ពីអាជ្ញាធរ ពាក់ព័ន្ធនោះឡើយ។ ប្រជាពលរដ្ឋជាម្ចាស់ហាង បានប្រាប់ទៅសមត្ថកិច្ចថា ទីតាំងដែលគណបក្សសង្គ្រោះជាតិ ទៅលើកស្លាកបក្សនោះ គឺស្ថិតនៅលើដីសាធារណ:ឯកជនរបស់គាត់ ដូច្នេះគាត់មិនយល់ព្រម នោះឡើយ ពីព្រោះពួកគាត់មិនចូលចិត្តបក្សមួយនេះ។
ជាចុងក្រោយការលើកស្លាកគណបក្សខាងលើនេះ មិនបានសម្រេចនោះទេ៕