(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញឱ្យអាជ្ញាធរ សមត្ថកិច្ចចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរ លោក ក៏បានលើកឡើងអំពីការបើកអាជីវកម្មល្បែងតាមប្រព័ន្ធអនឡាញ នៅតាមបណ្ដា ក្រុង ស្រុក ដែលគ្មានអាជ្ញាបណ្ណអនុញ្ញាតត្រឹមត្រូវ។ ដោយក្នុងនោះលោកបានដាក់បញ្ជាឱ្យរដ្ឋបាលក្រុង ស្រុក អធិការក្រុង ស្រុក ត្រូវធ្វើការបង្រ្កាបជាបន្ទាន់នូវរាល់អាជីវកម្មដែលបង្កប់នូវល្បែងស៊ីសងខុសច្បាប់ ដោយមិនមានអាជ្ញាបណ្ណ ឬច្បាប់អនុញ្ញាតឱ្យបានទាន់ពេលវេលា ព្រោះបញ្ហាល្បែងនេះ ក៏ជាមេរោគក្នុងសង្គមមួយដែលត្រូវធ្វើការព្យាបាល ដែលល្បែងនាំឱ្យបង្កជារឿងអសន្ដិសុខជាច្រើនដូចជាការលួចឆក់ប្លន់ អំពើហិង្សាជាដើម។

លោកអភិបាលខេត្តបានបន្តថា មិនត្រឹមតែការងារបង្រ្កាបល្បែងស៊ីសងតែមួយមុខទេ ក្នុងនោះក៏នៅតែមិនភ្លេចក្នុងការបន្តចុះបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលកើតមាននៅក្នុងសង្គម ត្រូវធ្វើការដោះស្រាយគ្រឿងញៀនអាចប្រែក្លាយសង្គម អសន្ដិសុខ បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។

លោកបានបន្ថែមថា ក្នុងនោះដែរ ក៏ត្រូវតែបន្តកិច្ចការងាររបស់ខ្លួនបន្ថែមទៀតពាក់ព័ន្ធទៅនឹងសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្ដរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីធានានូវរាល់សុខសុវត្ថិភាព ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្ដទទួលខុសត្រូវរបស់ខ្លួនផងដែរ៕