(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង លោក គង់ សុវណ្ណ ជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឋានៈស្មើអនុរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ។

ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ។

សូមបញ្ជាក់ថា លោក គង់ សុវណ្ណ ធ្លាប់បានបំពេញមុខងារជាប្រធានគម្រោង និងជាទីប្រឹក្សាបច្ចេកទេស​អង្គការ​សហប្រជាជាតិ និងអន្តរជាតិរួមមាន អង្គការសុខភាពពិភពលោក(WHO) អង្គការសុវត្ថិភាព​ចរាច​រណ៍ផ្លូវគោកសកល (GRSP) សម្ព័ន្ធអន្តរជាតិសម្រាប់ទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង (IARD)​ និងអង្គការវាយតំលៃសុវត្ថិភាពផ្លូវថ្នល់អន្តរជាតិ​ (iRAP)។

លោក សុវណ្ណ ក៏ជាស្ថាបនិកអង្គការខេមសេហ្វ នាយកប្រចាំកម្ពុជារបស់កាតាលីសផ្លាស​ (Catalyste+) ហើយក៏ទទួលបានការជ្រេីសតាំងជានាយកគ្រប់គ្រង គម្រោងតំបន់អាស៊ី របស់មូលនិធិសុវត្ថិភាពអន្តរជាតិ (ISF) ដែលមានការិយាល័យកណ្តាលនៅប្រទេសអូស្ត្រាលីផងដែរ៕