(មណ្ឌលគិរី)៖ បុរសវ័យចំណាស់អ្នកចាំចំការឲ្យគេម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួននៅស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីរូបគាត់បានក្លែងឯកសារលួចលក់ដីរបស់ម្ចាស់ចំការ ចំនួន១៥ហិចតា នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បុរសខាងលើឈ្មោះ ធូ ខ្លឹង ហៅតាកំលោះចាស់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយមានការអនុញ្ញាតពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយបានបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរីវិញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

យោងតាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០០៦ ឈ្មោះ ឃឹម សំអាត ហៅតាបារាំង បានធ្វើដំណើរទៅខេត្តមណ្ឌលគិរី ហើយបានឲ្យឈ្មោះ ធូ ខ្លឹង ហៅតាកំលោះ ទិញដីចំការមួយកន្លែងដែលមានទំហំដីប្រមាណ ២៧៤,៩៥០ម៉ែត្រក្រឡា ស្ថិតនៅក្នុងចំណុចត្រពាំង៣ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦ ចេញដោយលោក លាត លឹមគុណ មេឃុំចុងផ្លាស់។

បន្ទាប់ពីឈ្មោះ ឃឹម សំអាត ហៅតាបារាំង បានទិញដីខាងលើរួចរាល់ហើយក៏បានពឹងពាក់ឈ្មោះធូ ខ្លឹង ហៅតាកំលោះ ឲ្យជួយមើលថែដីធ្លីទាំងអស់នោះជំនួស ជាថ្នូរជាមួយនឹងប្រាក់មួយចំនួន និងអនុញ្ញាតិឲ្យគាត់អាចប្រើប្រាស់ដីធ្លីទាំងអស់នោះក្នុងការដាំដុះ ដោយសារតែគាត់មានវ័យចំណាស់រស់នៅឆ្ងាយ (នៅប្រទេសបារាំង) ពិបាកក្នុងការធ្វើដំណើរឡើងចុះទៅវិញទៅមក។ បន្ទាប់មកនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១១ ឈ្មោះ ធូ ខ្លឹង ហៅតាកំលោះ បានពឹងឈ្មោះអ៊ុត ភឿន មានតួនាទីជា ជំទប់ទី១ឃុំចុងផ្លាស់ ធ្វើឯកសារកាន់កាប់និងផ្ទេរសិទ្ធ។

លុះនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ឈ្មោះ ធូ ខ្លឹង ហៅតាកំលោះ មានទីលំនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានលួចលក់ដីមួយផ្នែកធំ ចំនួន១៥ហិតា របស់ឈ្មោះ ឃឹម សំអាត ហៅតាបារាំង លក់ទៅឲ្យឈ្មោះ ប៉ាង បូរិន និងឈ្មោះ សុង អុីរុន ដោយធ្វើឯកសារកាន់កាប់ផ្ទេរសិទ្ធដីធ្លីចុះហត្ថលេខាឈ្មោះ វ៉ាញ ឆេងអួង ជាជំទប់ឃុំទី១ មិនមានការផ្ទេរសិទ្ធពីលោកមេឃុំចុងផ្លាស់ ឯឈ្មោះ ភើ សុខា មុខរបស្មៀនឃុំ ពុំបានចុះលេខក្នុងសៀវភៅចុះលេខរបស់រដ្ឋបាលឃុំឡើយ។

ស្រាប់តែក្រោយមកមានឈ្មោះ ប៉ាង បូរិន និងឈ្មោះ សុង អុីរុន មានអាសយដ្ឋាននៅភូមិកប់កង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដាក់ពាក្យស្នើរសុំទៅ អភិបាលខេត្តមណ្ឌលគិរី ដើម្បីធ្វើការឈូសឆាយ ហើយសព្វថ្ងៃមានគ្រឿងចក្រមួយចំនួន កំពុងធ្វើសកម្មភាពឈូសឆាយលើទីតាំងដីរបស់ឈ្មោះ ឃឹម សំអាត ហៅតាបារាំង ខណៈឈ្មោះ ឃឹម សំអាត ពុំបានដឹងរឿងលក់ដីនោះទេ។

ក្រោយចាប់ខ្លួននៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងជំនាញបានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ធូ ខ្លឹង ទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី៕