(ថៃ)៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានចូលរួមក្នុងសន្និសីទស្រាវជ្រាវអន្តរជាតិ និងកិច្ចសហប្រតិត្តការ អនុស្សរណៈនៃកាយោគយល់គ្នា រវាងកម្ពុជា-ថៃ ទៅលើវិស័យអបរំលើកទី៧ ឆ្នាំ២០២៤ នាសាកលវិទ្យាល័យ Buriram Rajabhat នៃប្រទេសថៃ។ សន្និសីទនេះបានធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យបណ្ឌិត ជ័យ សារិន អគ្គាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សន្និសីទនេះបានបើកឱកាសដល់យុវជន ធ្វើបទបង្ហាញនូវស្នាដៃស្រាវជ្រាវរបស់ខ្លួន ដែលស្រាវជ្រាវកន្លងមក ហើយជឿជាក់កម្មវិធីនេះ ក៏ជាបទពិសោធន៍សម្រាប់ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ក្នុងការរៀបចំឲ្យមានសន្និសីទបែបនេះ ហើយអាចឲ្យនិស្សិតកម្ពុជាឡើងធ្វើបទបង្ហាញពីការស្រាវជ្រាវរបស់ពួកគេ ក៏ដូចជាមានការចូលរួមពី សាស្ត្រាចារ្យបណ្ឌិតជាច្រើនរូប ដើម្បីធ្វើជាវាគ្មិន ហើយវាយតម្លៃពីស្នាដៃទាំងអស់នោះ។

លោកសាស្ត្រាចារ្យបណ្ឌិត ជ័យ សារិន បានបង្ហាញការជឿជាក់ថា សម្រាប់ទៅថ្ងៃអនាគតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នឹងអាចរៀបចំសន្និសីទនេះ ដើម្បីបើកទូលាយឲ្យនិស្សិតស្រាវជ្រាវ ទាំងអស់មានឱកាស ក្នុងការបង្ហាញស្នាដៃរបស់ខ្លួនដើម្បីត្រៀមខ្លួនការពារនិក្ខេបទ ហើយនឹងអញ្ជើញសាស្ត្រចារ្យ បណ្ឌិតដែលមានសមត្ថភាពដើម្បីយកមកធ្វើជាវាគ្មិន ជួយតម្រង់ផ្លូវឲ្យនិស្សិតបានទទួលជោគជ័យក្នុងការសិក្សា។

លោកក៏បានអំពាវនាវដល់និស្សិតកម្ពុជា ដែលកំពុងសិក្សាស្រាវជ្រាវទាំងអស់ យកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណានៅពេលមានសន្និសីទជាតិ ឬសិក្ខាសាលាថ្នាក់ជាតិ ឬថ្នាក់តំបន់ សូមយកស្នាដៃរបស់ខ្លួនមកចុះជាអត្ថបទ និងសុំឡើងធ្វើបទបង្ហាញដើម្បីឲ្យខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារនិក្ខេបបទរបស់ខ្លួន។

ដោយឡែក លោកបណ្ឌិត ម៉ុង មុនីសោភា ជាចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង និងជាគ្រូបង្ហាត់នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានបង្ហាញការយល់ឃើញថា ការចូលរួមក្នុងសន្និសីទស្រាវជ្រាវអន្តរជាតិនៅប្រទេសថៃនេះ ដូច្នេះមានឱកាសដ៏ល្អណាស់សម្រាប់ថ្នាក់ដឹកនាំ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា របស់កម្ពុជា បានជួបជាមួយថ្នាក់ដឹកនាំសាស្ត្រចារ្យ មកពីសាកលវិទ្យាល័យនានា នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅ ក្នុងតំបន់ និងពិភពលោក។

លោកបណ្ឌិត ម៉ុង មុនីសោភា បានបញ្ជាក់ថា សម្រាប់សន្និសីទនេះ បានបើកឱកាសដល់គ្រូ និស្សិតដែលបានធ្វើបទបង្ហាញនូវស្នាដៃរបស់ខ្លួនឲ្យស្គាល់ពីការស្រាវជ្រាវ ការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក។ តាមរយៈការចូលរួមសន្និសីទអន្តរជាតិ នៅប្រទេសថៃ ក៏ជាឱកាសដ៏ល្អមួយដែលដើម្បីឱ្យសាស្ត្រចារ្យ និងនិស្សិត បានផ្លាស់ប្តូរបទពិសោធន៍ ជាមួយអំពីវិធីសាស្ត្រស្រាវជ្រាវ វិធីសាស្ត្រការការពារនិក្ខេបបទជាដើម។

លោកបណ្ឌិត បានគូសបញ្ជាក់ថា តាមរយៈការចូលរួមក្នុងសន្និសីទអន្តរជាតិនៅប្រទេសថៃ វាក៏សារមួយជំរុញឲ្យលោក ក៏ដូចជាសាស្ត្រផ្សេងៗទៀតខិតខំ បណ្តុះបណ្តាលនិស្សិតកម្ពុជា ឲ្យក្លាយជាធនធានមនុស្សប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។ លោកក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវខិតខំសិក្សាស្រាវជ្រាវ បន្ថែមទៀត ពីព្រោះការស្រាវជ្រាវវាជាចំណុចមួយ ដែលនិស្សិតថ្នាក់បណ្ឌិត និងអនុបណ្ឌិត បានមើលឃើញអំពីបញ្ហាប្រឈមនៃការអនុវត្តមុខរបរ ឬក៏ស្ថាប័ន ដែលខ្លួនកំពុងបំពេញការងារ ដើម្បីស្រាវជ្រាវចំណុចដែលខ្វះខាត។

និស្សិតថ្នាក់បណ្ឌិតដែលកំពុងសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោក ភាន មករា បានយល់ឃើញស្រដៀងគ្នាថា តាមរយៈការដឹកនាំនិស្សិតកម្ពុជា ឲ្យមកចូលរួមក្នុងសន្និសីទអន្តរជាតិ នៅសាកលវិទ្យាល័យបូរីរ៉ាំ ប្រទេសថៃនាពេលនេះ ពិតជាឱកាសល្អណាស់សម្រាប់និស្សិតកម្ពុជា ដើម្បីអាចផ្លាស់ប្តូរ បទពិសោធន៍ ការធ្វើ និងមើលឃើញពីការធ្វើបទបង្ហាញសាស្ត្រចារ្យ និងនិស្សិតដែលមកពីសាកលវិទ្យានានាក្នុងតំបន់អាស៊ាន ដែលមានលក្ខណៈប្លែកៗ គ្នានៃកិច្ចការងារស្រាវជ្រាវរបស់ខ្លួន។

លោកបានបន្តថា ក្នុងនាមជានិស្សិតកំពុងសិក្សាថ្នាក់បណ្ឌិត បានប្តេជ្ញាចិត្តខិតខំសិក្សាស្រាវជ្រាវរកអ្វីដែលថ្មីៗល្អ ឲ្យមានការប្រកួតប្រជែងនៅក្នុងប្រទេស និងនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅលើពិភពលោកផងដែរ។ លោកបានបន្តទៀតថា តាមការសង្កេតក្នុងសន្និសីទអន្តរជាតិ នៅប្រទេសថៃ មានការភាពប្រហាក់ប្រហែលគ្នាចំពោះការសិក្សារៀនសូត្រ ក៏ប៉ុន្តែសម្រាប់និស្សិតកម្ពុជា ក៏នៅមានកម្រិតបន្តិចបន្តួចផងដែរ។

សូមជម្រាបថា សន្និសីទអន្តរជាតិនេះមានសាកលវិទ្យាល័យ ប្រទេសចំនួន១៨ បានចូលរួមរួមមាន៖ កម្ពុជា, ថៃ, វៀតណាម, ឡាវ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ចិន ឥណ្ឌា, មីយ៉ាន់ម៉ា, តួគី, ហ្វីលីពីន, បានរាំង, សហរដ្ឋអាមេរិក, អង់គ្លេស, ស្រីលង្កា, ប៉ាគីស្ថាន, ស្វីស និងញ៉ូស៊ីលែន៕