(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

ជំនួបនារសៀលនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ដោយឆ្លើយតបនឹងសំណើរបស់សហព័ន្ធ ក្នុងការស្នើសុំអនុសាសន៍ណែនាំបន្ថែមពីលោករដ្ឋមន្ត្រី ជុំវិញកិច្ចគាំទ្រ និងកិច្ចសហការលើការងារដែលពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅលើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពក្នុងការដឹកជញ្ជូន និងការនាំចេញស្រូវអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាពង្រឹងការរក្សាសន្តិសុខស្បៀងនៅក្នុងប្រទេស។

ជាមួយគ្នានេះ លោក ប៉េង ពោធិ៍នា បានជម្រាបដល់គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យបានជ្រាបដែរថា ក្រសួងក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងការតភ្ជាប់ មិនត្រឹមតែលើវិស័យដឹកជញ្ជូនតាមផ្លូវគោកប៉ុណ្ណោះទេ ការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែក និងវិស័យកំពង់ផែ ក៏កំពុងត្រូវបានធ្វើការលើកម្រិតគុណភាព និងពិពិធកម្មផងដែរ៕